ហេតុផលទាំង១០ដែលអ្នកមិនគួរភ័យស្លន់ស្លោរដោយសារវីរុសកូវីដ១៩

មិនថាយើងចាត់ថ្នាក់វីរុសកូវីដ១៩ (COVID-19) ជាប្រភេទជំងឺរាតត្បាតជាសាកល ឬយ៉ាងណានោះទេ តែអ្វីដែលយើងដឹងនោះគឺថាវាជាបញ្ហាមួយដ៏ធ្ងន់ធ្ងរស្រាប់ទៅហើយ។

 
ហេតុផលទាំង១០ដែលអ្នកមិនគួរភ័យស្លន់ស្លោរដោយសារវីរុសកូវីដ១៩
Photo Credit: Xinhua

មិនថាយើងចាត់ថ្នាក់វីរុសកូវីដ១៩ (COVID-19) ជាប្រភេទជំងឺរាតត្បាតជាសាកល ឬយ៉ាងណានោះទេ តែអ្វីដែលយើងដឹងនោះគឺថាវាជាបញ្ហាមួយដ៏ធ្ងន់ធ្ងរមួយស្រាប់ទៅហើយ។ ត្រឹមរយៈពេលប្រមាណ២ខែប៉ុណ្ណោះ ជំងឺនេះបានរីករាលដាលលើឧបទ្វីបជាច្រើន និងតាមតំបន់ផ្សេងៗផងដែរ ហើយជំងឺរាតត្បាតមិនសម្ដៅតែទៅលើវីរុសដ៏កាចសាហាវនោះទេ តែគេមើលទៅលើការចម្លង និងសន្ទុះរីករាលដាលរបស់វា។

អ្វីដែលយើងកំពុងតែប្រឈមមុខនោះគឺ ការភ័យខ្លាចនៃជំងឺរាតត្បាត ព្រោះប្រព័ន្ធផ្សព្វផ្សាយលើពិភពលោកទាំងមូលកំពុងគ្របដណ្ដប់ដោយវីរុសកូវីដ១៩ ទៅហើយ។ វាជារឿងមួយដែលត្រឹមត្រូវចំពោះការព្រួយបារម្ភ និងធ្វើផែនការសម្រាប់ករណីធ្ងន់ធ្ងរដែលអាចកើតឡើងផ្សេងៗ ហើយផលវិបាកទាំងអស់នោះវាអាចជះឥទ្ធិពលពីវិស័យ សុខាភិបាល ទៅវិស័យជំនួញ និងនយោបាយផងដែរ។

ប៉ុន្ដែវាក៏ជាត្រឹមត្រូវដែលយើងមិនគួរភ័យស្លន់ស្លោរពេកដែរ បើយើងគិតក្នុងន័យសុទិដ្ឋិនិយមវិញ។ មានព័ត៌មានល្អ​ៗជាច្រើនដែលកើតចេញពីវីរុស COVID-19 នោះ គឺវិធីទប់ស្កាត់ដើម្បីកម្ចាត់វីរុស និងជាមេរៀនទៅថ្ងៃអនាគត។ ក្នុងនោះមានហេតុផល១០យ៉ាងដែលយើងមិនគួរភ័យស្លន់ស្លោរដោយសារវីរុសកូវីដ១៩នេះ៖

- យើងដឹងថាវាជាអ្វី

បើយើងបកទៅអតីតកាល ដែលករណីទី១នៃជំងឺអេដស៍ត្រូវបានបង្ហាញក្នុងខែមិថុនា ឆ្នាំ១៩៨១ វាត្រូវប្រើពេលជាង២ឆ្នាំដើម្បីកំណត់អត្ដសញ្ញាណរបស់វីរុសហ៊ីវ (HIV) ដែលជាមូលហេតុរបស់ជំងឺ។ ចំណែកឯ COVID-19 ករណីដំបូងនៃជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវបានរាយការណ៍ក្នុងប្រទេសចិននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ វីរុសក៏អាចកំណត់អត្ដសញ្ញាណបាន រីឯសេនេទិចរបស់វីរុសអាចរកឃើញនៅថ្ងៃទី១០ ខែឆ្នាំដដែលនោះ។ យើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណាចេញមកពីក្រុម 2B នៃគ្រួសារតែមួយជាមួយនឹងជំងឺសារ (SARS) ដែលយើងបានហៅថា SARSCoV2។ ជំងឺនេះមានឈ្មោះថា COVID-19 ហើយវាត្រូវបានគិតថាជាប់ពាក់ព័ន្ធទៅនឹងវីរុសកូរ៉ូណាពីសត្វប្រជៀវ។ តាមការវិភាគហ្សែន វាមានដើមកំណើតធម្មជាតិថ្មីចន្លោះចុងខែវិច្ឆិកា និងដើមខែធ្នូ ហើយទោះបីជាវីរុសនោះរស់នៅដោយមានការប្រែប្រួល ប៉ុន្តែអត្រានៃការប្រែប្រួលរបស់វាប្រហែលជាមិនខ្ពស់នោះទេ។

- យើងដឹងពីវិធីកំណត់អត្តសញ្ញាណរបស់វីរុស

ចាប់តាំងពីថ្ងៃទី១៣ ខែមករា​ គេមានលទ្ធភាពធ្វើតេស្ដដើម្បីកំណត់អត្តសញ្ញាណរបស់វីរុស។

- ស្ថានការណ៍កំពុងប្រសើរឡើងនៅក្នុងប្រទេសចិន

ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងវិធានការដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកនៅក្នុងប្រទេសចិន មានប្រសិទ្ធភាព សម្រាប់ពីរបីសប្ដាហ៍កន្លងមករហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចំនួនករណីនៃការធ្វើរោគវិនិច្ឆ័យជារៀងរាល់ថ្ងៃបានថយចុះ។ ចំណែកឯការតាមដានជំងឺរាតត្បាតយ៉ាងលម្អិតត្រូវបានអនុវត្ដក្នុងប្រទេសដទៃទៀត​។ ជាងនេះទៅទៀត ការផ្ទុះឡើងនៃវីរុស​នៅតំបន់ផ្សេងៗទៀតអាចអនុញ្ញាតឱ្យពួកគេធ្វើការគ្រប់គ្រងស្ថានការណ៍បានកាន់តែងាយស្រួល។

- ករណីដែលឆ្លង៨០% គឺស្រាល

ជំងឺនេះពុំមានរោគសញ្ញា ឬមានសភាពធូរស្រាលក្នុង៨១%នៃករណីឆ្លងសរុប។ ជាការពិត ក្នុងនោះមានករណីឆ្លង១៤% វាអាចឱ្យមានជាជំងឺរលាក់សួត ហើយក្នុង៥%​ វាអាចវិត្តន៍ទៅជាធ្ងន់ធ្ងរ ឬអាចស្លាប់។ គេនៅតែមិនច្បាស់លាស់ទៅនឹងអត្រានៃការស្លាប់របស់អ្នកឆ្លងនៅឡើយ ប៉ុន្ដែវាអាចទាបជាងការព្យាករណ៍មួយចំនួនទៅទៀត។

- មនុស្សជាសះស្បើយ

ទិន្នន័យដែលបានរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការកើនឡើងនូវចំនួនករណី និងចំនួនអ្នកស្លាប់ ប៉ុន្ដែភាគច្រើននៃមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយឡើងវិញ។ ឱកាសក្នុងការព្យាបាលជាឡើងវិញគឺមានចំនួន១៣ដងលើសពីការស្លាប់ ហើយសមាមាត្រនោះកំពុងកើនឡើង។

- រោគសញ្ញាមានសភាពស្រាលចំពោះក្មេងៗ

ត្រឹមតែ៣%នៃករណីឆ្លងកើតឡើងក្នុងចំណោមមនុស្សអាយុក្រោម២០ឆ្នាំ ហើយអត្រាមរណភាពអាយុក្រោម៤០ឆ្នាំ្មមានត្រឹមតែ០.២%ប៉ុណ្ណោះ។ រោគសញ្ញាដែលកើតឡើងលើក្មេងៗដែលបានឆ្លងគឺមានសភាពស្រាល ហើយស្ទើរតែមិនអាចកត់សម្គាល់បាន។

- វីរុសអាចជូតសម្អាតបាន

វីរុសអាចអសកម្មយ៉ាងមានប្រសិទ្ធភាពពីផ្ទៃខាងក្រៅដោយការប្រើប្រាស់សូលុយស្យុងអេតាណុល (៦២%-៧១%អាកុល) អ៊ីដ្រូសែនពែអុកស៊ីត (០.៥%) ឬសូដ្យូមអ៊ីប៉ូក្លរីត (០.១%) ក្នុងពេលមួយនាទី។ ជានិច្ចកាលការលាងដៃជាមួយសាប៊ូនឹងទឹកគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្ការការចម្លងរោគ។

- វិទ្យាសាស្រ្ដទូទាំងសាកលកំពុងធ្វើការលើវីរុសនេះ

វាជាដំណាក់កាលដែលផ្នែកវិទ្យាសាស្រ្ដត្រូវសហការគ្នាជាលក្ខណៈអន្ដរជាតិ។ ត្រឹមតែរយៈពេលជាង១ខែប៉ុណ្ណោះ មាន១៦៤អត្ថបទដែលយើងអាចចូលទៅប្រើប្រាស់ក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈលើការសិក្សាពី COVID-19  ឬ SARS CoV2។ ដូចគ្នាដែរ ប្រធានបទជាច្រើនទៀតមានក្នុងឃ្លាំងស្ដុកទិន្នន័យដែលមិនទាន់បានបង្ហាញ។ វាគឺជាការងារដំបូងទៅលើការផលិតវាក់សាំង ការព្យាបាល ការសិក្សាពីជំងឺរាតត្បាត សេនេទិច សារធាតុគីមី ការធ្វើរោគវិនិច្ឆ័យ និងបែបបទនៅតាមគ្លីនិចនីមួយៗ។ ក្នុងឆ្នាំ២០០៣ ពេលដែលជំងឺសារ (SARS) បានរាតត្បាត វាត្រូវចំណាយពេលជាង១ឆ្នាំដើម្បីបានពាក់កណ្ដាលនៃចំនួនអត្ថបទនៅពេលនេះ។

- គំរូដើមវាក់សាំងមានរួចជាស្រេច

សមត្ថភាពរបស់យើងក្នុងការបង្កើតនូវវាក់សាំងថ្មីពិតជាមិនធម្មតា។ គម្រោងស្រាវជ្រាវជាង៨កំពុងតែចាប់ផ្ដើមស្វែងរកវាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ។ ក្នុងនោះក្រុមវាក់សាំងនៃសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្រ្ដាលីបានប្រកាសថាកំពុងធ្វើការលើគម្រូដើមដោយប្រើប្រាស់តិចនិកដែលមានឈ្មោះថា Molecular Clamp។ នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះដែលអាចអនុញ្ញាតឱ្យការផលិតវាក់សាំងតាមពេលកំណត់គម្រូដើមប្រហែលជាអាចសាកល្បងលើមនុស្ស។

១០- ការសាកល្បងថ្នាំប្រឆាំងវីរុសកំពុងតែដំណើរការ

វាក់សាំងគឺជាថ្នាំបង្ការ ពេលនេះការព្យាបាលមនុស្សដែលកំពុងមានជំងឺគឺមានសារសំខាន់ណាស់។ ការសាកល្បងព្យាបាលជាង៨០ករណីសិក្សាផ្នែកវិជ្ជសាស្រ្ត កំពុងវិភាគរកថ្នាំព្យាបាលវីរុសកូរ៉ូណា។ ថ្នាំប្រឆាំងវីរុសមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់ជំងឺឆ្លងផ្សេងៗទៀតដែលធ្លាប់បានអនុញ្ញាតហើយយើងក៏ដឹងថាវាមានសុវត្ថិភាពផងដែរ។ មួយក្នុងចំនោមនោះត្រូវបានប្រើប្រាស់ដើម្បីធ្វើតេស្ដលើមនុស្សគឺ Remdesivir ដើម្បីប្រឆាំងនឹងជំងឺអេបូឡា (Ebola) និង សារ/មើស៍ (SARS/MERS)

ក្នុងឆ្នាំ១៩១៨ ជំងឺផ្ដាសាយរាតត្បាតបណ្ដាលឱ្យស្លាប់មនុស្សជាង២៥លាននាក់ក្នុងរយៈពេលមិនដល់២៥ សប្ដាហ៍ផង។ តើវាអាចស្រដៀងនឹងអ្វីដែលកំពុងកើតឡើងពេលបច្ចុប្បន្ននេះដែរឬទេ? ប្រហែលជាអត់អាចកើតមានឡើងទេ ព្រោះយើងមិនដែលត្រៀមខ្លួនបានល្អប្រសើរបែបនេះឡើយកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

ប្រភព៖ THE CONVERSATION ប្រែសម្រួល៖ លុក ចំណូល