ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិដោយសីលធម៌

ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលជួយជ្រោមជ្រែងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងផ្សារភ្ជាប់ជាមួយសីលធម៌យ៉ាងខ្ពស់

 
ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិដោយសីលធម៌

ព្រះពុទ្ធសាសនាបានអប់រំ និងណែនាំមនុស្សឱ្យស្វែងរកសេចក្តីសុខ ឬឆ្ពោះទៅឋានបរមសុខ ប៉ុន្តែពុំមែនឱ្យមនុស្សផ្តាច់ខ្លួនទៅស្វែងរកសុខក្នុងទីកន្លែងណាមួយដោយឯកឯង មិនបានគិតពីការស្វះស្វែងរកនូវទ្រព្យសម្បត្តិនោះទេ។ ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលជួយជ្រោមជ្រែងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងផ្សារភ្ជាប់ជាមួយសីលធម៌ផងដែរ។ បើយើងមើលទៅ ព្រះសង្ឃ ពេលដែលលាចាកសិក្ខាបទទៅនឹងក្លាយទៅមនុស្សដែលមានចំណេះដឹង មានការងារធ្វើ ឬអាចអប់រំណែនាំជួយអ្នកដទៃឱ្យកាន់តែប្រសើរឡើង មិនថាជាពុទ្ធសាសនិក ឬជាសាសនិកសាសនាដទៃទេ។

ព្រះសង្ឃ ទៅថ្ងៃអនាគត(លាចាកសិក្ខាបទ)អាចក្លាយជាវិស្វករ គ្រូបង្រៀន ប៉ូលិស ទាហាន ទស្សនវិទូ សង្គមវិទូ អ្នកបច្ចេកទេសវិទ្យាសាស្ត្រ។ល។ ទៅតាមជំនាញដែលលោកបានរៀនសូត្រ។ កត្តានេះមួយ គឺជួយក្នុងការអភិវឌ្ឍជាតិខ្លាំងណាស់ និងជាពិសេស គឺការចូលរួមបន្ថែមពីពុទ្ធសាសនិក ដែលជួយទ្រទ្រង់ព្រះពុទ្ធសាសនាតាមរយៈការដាក់បាត្រ(បិណ្ឌបាត) ការប្រគេនបច្ច័យ ការផ្តល់អាហារូបករណ៍សិក្សា និងសង្គហធម៌នានា។ បើតាមរយៈឯកសារការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យបានបញ្ជាក់ថា ព្រះពុទ្ធសាសនា សម្តែងធម៌អប់រំ មិនបានរំលងរឿងសេដ្ឋកិច្ចនេះដែរ ព្រះអង្គសម្តែងគោលធម៌ ដែលរាប់ថាជាគោលសេដ្ឋកិច្ចគឺ៖

           ទិដ្ឋធម្មិកត្ថប្រយោជន៍ ៤ យ៉ាង៖

១. ព្យាយាមស្វែងរកទ្រព្យ

២. ចេះថែរក្សាទ្រព្យសម្បត្តិដែលរកបាន

៣. សេពគប់មនុស្សត្រឹមត្រូវជាមិត្ត

៤. ចាយវាយទ្រព្យឱ្យស័ក្តិសមតាមឋានៈរបស់ខ្លួន។


           លក្ខណៈធ្វើជាអ្នកជំនាញ ៣ យ៉ាង៖

១. បញ្ញាចក្ខុ មានបញ្ញាក្នុងការដឹងលើរឿងលក់ចេញ ទិញចូល

២. វីរិយារម្ភ ប្រារព្ធនូវសេចក្តីព្យាយាមដែលខ្លួនកំពុងធ្វើ

៣. សនាថោ ជាអ្នកមានទីពឹងច្រើន គឺអ្នកប៉ិនប្រសប់ក្នុងការចងសម្ពន្ធមិត្ត។

           អបាយមុខ(ហេតុនាំឱ្យវិនាសទ្រព្យ)៤ យ៉ាង៖

១. ការលេងស្រី

២. ការលេងសុរា

៣. ការលេងល្បែងភ្នាល់

៤. ការសេពគប់មនុស្សអាក្រក់ជាមិត្ត។

           សុខរបស់គ្រហស្ថ ៤ យ៉ាង៖

១. សុខកើតអំពីទ្រព្យ

២. សុខកើតអំពីចាយទ្រព្យ

៣. សុខកើតអំពីមិនមានបំណុល

៤. សុខកើតអំពីធ្វើការងារប្រាសចាកទោស។

           គ្រួសារស្តុកស្តម្ភនឹងតាំងនៅយូរមិនបាន ព្រោះហេតុ ៤ យ៉ាង៖

១. របស់បាត់ មិនតាមរក

២. មិនជួសជុលរបស់ចាស់

៣. មិនចេះប្រមាណក្នុងការប្រើប្រាស់ទ្រព្យ

             ៤. តាំងស្រ្តី ឬបុរសដែលគ្មានសីលធម៌ជាធំក្នុងគ្រួសារ។