ប្រទេសម៉ាឡេស៊ី ត្រៀមទប់ទល់នឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ
(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ បានត្រៀមខ្លួនសម្រាប់ទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍នេះ បន្ទាប់ពីមានភ្លៀងមូសុងធ្លាក់ខ្លាំងជាងការរំពឹងទុក បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្ស 3នាក់ និងជាង 80,000 នាក់ត្រូវបានផ្លាស់ទីលំនៅ។
មជ្ឈមណ្ឌលបញ្ជាការគ្រោះមហន្តរាយជាតិបានឲ្យដឹងថាមានមនុស្សប្រមាណជា 84,597 នាក់ដែលបានមកពីជាង 25,000 គ្រួសារនៅទូទាំងរដ្ឋចំនួន 7 ត្រូវបានជម្លៀសទៅកាន់ទីជម្រកមានសុវត្ថិភាពបណ្តោះអាសន្នចំនួន 488 កន្លែង។ ខណ:រដ្ឋ Kelantan ភាគឦសានដែលជាប់ព្រំដែនប្រទេសថៃ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានមនុស្ស 56.029 នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi បានមានប្រសាសន៍ថា ទឹកជំនន់នៅក្នុងឆ្នាំនេះ រំពឹងថាអាក្រក់ជាងឆ្នាំ 2014 នៅពេលដែលមនុស្សប្រមាណជា 250,000 នាក់ត្រូវបានផ្លាស់ទីលំនៅ និង 21 នាក់បានស្លាប់។
គួររម្លឹកថា រដ្ឋាភិបាលបានត្រៀមកងកម្លាំងចំនួន 83.000 នាក់ ទូកសង្គ្រោះរាប់ពាន់គ្រឿង រថយន្តជាច្រើនគ្រឿង អាវពោង និងឧទ្ធម្ភាគចក្រចំនួន 31 គ្រឿងដើម្បីត្រៀមសង្រ្គោះប្រជាពលរដ្ឋ ។បន្ថែមពីនេះ រដ្ឋាភិបាលក៏បានកំណត់មជ្ឈមណ្ឌលជម្លៀសបណ្ដោះអាសន្នចំនួន 8,481កន្លែង នៅទូទាំងប្រទេស ដែលអាចផ្ទុកមនុស្សបានប្រមាណជា 2លាននាក់ផងដែរ៕
ប្រភព៖ AP
សូមចុច join Telegram https://t.me/cngtvcambodia