នាទីសុខភាព Ep.155 ប្រធានបទ៖អាហារទាំង ៥ដែលអ្នកមិនគួរបរិភោគឆៅ
ភាគច្រើនអាហារឆៅសំដៅទៅលើការបរិភោគសាច់ ឬក៏ស៊ុត ប៉ុន្តែមានអាហារជាច្រើនទៀតដែលអ្នកមិនគួរញុំាឆៅ មានដូចជា៖
១. ដំឡូងបារាំង
ដំឡូងបារំាងគឺជាអាហារដែលសំបូរទៅដោយជីវជាតិ ប៉ុន្តែអ្នកគួរតែព្យាយាមជៀសវាងការបរិភោគឆៅ។ការញ៉ាំដំឡូងឆៅអាចបណ្តាលឱ្យហើមពោះ និងប៉ះពាល់ដល់ក្រពះពោះវៀន ពីព្រោះដំឡូងបារាំងមានផ្ទុកម្ស៉ៅដែលធន់នឹងការរំលាយអាហារ។ អាក្រក់ជាងនេះទៅទៀត ប្រសិនបើដំឡូងឆៅទុកយូរនៅកន្លែងក្តៅ ឬសើម វាអាចប្រែជាពណ៌បៃតង និងបង្កើតជាតិពុលដែលហៅថា solanine ។ ប្រសិនបើដំឡូងមានចំណុចពណ៌បៃតង អ្នកគួរតែចៀសវាងការញ៉ាំ ព្រោះសារធាតុ solanine អាចបង្កជារោគសញ្ញាដូចការពុលអាហារ។
២. ដំឡូងមី
ដំឡូងមីសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ។ ប៉ុន្តែដំឡូងមីក៏មានសារធាតុផ្សំដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ស្លឹក និងឫសរបស់ដំឡូងមីឆៅមានផ្ទុកសារធាតុ cyanogenic glycosides (សាយយានណូចែននិច ឡាយកូសាយ) ដែលជាសារធាតុគីមីដែលបញ្ចេញសារធាតុ cyanide (សាយអឹណាយ) នៅពេលបរិភោគ។ ដំឡូងមីអាចបរិភោគបាន ប៉ុន្តែត្រូវប្រាកដថាអ្នកលាងឱ្យស្អាត ហើយចម្អិនឲ្យឆ្អិនមុនពេលទទួលទាន។
៣. គ្រាប់សណ្តែក
គ្រាប់សណ្តែកគឺជាអាហារសុខភាព មួយទៀតដែលអាចបង្កគ្រោះថ្នាក់ប្រសិនបើញ៉ាំខុសវិធី។ សណ្តែកក្រហមសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែការទទួលទានឆៅអាចបំផ្លាញក្រពះរបស់អ្នក។ គ្រាប់សណ្តែកមិនទាន់ចម្អិនមានផ្ទុកជាតិពុល ដែលអាចបណ្តាលឱ្យមិនស្រួលក្នុងក្រពះពោះ
វៀន និងរោគសញ្ញាស្រដៀងនឹងការពុលអាហារ។ អ្នកត្រូវប្រាកដថាចម្អិនគ្រាប់សណ្តែកយ៉ាងហោចណាស់ដប់នាទីមុនពេលញ៉ាំ។
៤. សាច់
សាច់គោឆៅ ឬមិនទាន់ឆ្អិនមានដូចជា សាច់ជ្រូក សាច់មាន់ មានគ្រោះថ្នាក់ខ្លាំងក្នុងការបរិភោគ។ សាច់បក្សីឆៅភាគច្រើនមានផ្ទុកសារធាតុ Campylobacter (ខេមផូលូបាទើ)។ វាក៏អាចមានផ្ទុកបាតេរីសាមុននីឡា, និងបាក់តេរីផ្សេងទៀតផងដែរ។ ដើម្បីសុវត្ថិភាពល្អ អ្នកគួរចម្អិនម្ហូបអាហារនិងសាច់ឲ្យបានឆ្អឹនល្អនៅសីតុណ្ហភាពដែលសមស្រប ។
៥. Hot Dog
|Hot Dog មិនមែនជាអាហារដែលមានជីវជាតិនោះទេ ប៉ុន្តែការញ៉ាំវាឆៅអាចមានគ្រោះថ្នាក់ខ្លាំង។ ការញុំា Hot Dog ច្រើនមិនល្អសំរាប់សុខភាពនោះទេ ពីព្រោះវាមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ដែលប៉ះពាល់ទៅដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។