អត្ថប្រយោជន៍៣សំខាន់ៗបានមកពីការទទួលទានត្រីសាលម៉ុន
ត្រីសាលម៉ុន (salmon) គឺជាប្រភេទត្រីដែលគេនិយមបរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយមានផ្ទុកនូវ ប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា ៣។ត្រីសាលម៉ុនជាត្រីស៊ីសាច់សត្វដទៃទៀតជាអាហារ ដែលអាចមានប្រវែងរហូតដល់ 150 សង់ទីម៉ែត្រ និងមានទម្ងន់ប្រមាណ ២៤គីឡូក្រាម។
ត្រីសាលម៉ុនជាច្រើនប្រភេទដែលត្រូវបានរកឃើញនៅមហាសមុទ្រអាត្លង់ទិកខាងជើង និងមហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានគេបរិភោគនៅជុំវិញពិភពលោក។ នេះបើយោងតាមមជ្ឈមណ្ឌលចំណេះដឹង MNT ដែលជាផ្នែកមួយនៃការប្រមូលផ្តុំអត្ថបទស្តីពីអត្ថប្រយោជន៍សុខភាពនៃរបបអាហារពេញដ៏និយម។
ការសិក្សាជាច្រើនបានលើកឡើងថាការបង្កើនការទទួលទានខ្លាញ់ត្រី ដូចជា ត្រីសាលម៉ុន ក៏អាចជួយកាត់បន្ថយ ការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងផងដែរ។
ម៉្យាងវិញទៀត ការទទួលទានត្រីសាលម៉ុនក៏អាចជួយដល់ការរក្សាកម្រិតកូឡេស្តេរ៉ុល ដែលធ្វើឲ្យមានសុខភាពល្អផងដែរ។
ដូច្នេះ យើងសូមលើកយកអត្ថប្រយោជន៍របស់ត្រីសាម៉ុនដូចខាងក្រោម:
1.សុខភាពបេះដូង
ការសិក្សាថ្មីមួយស្តីពីការផ្សារភ្ជាប់គ្នារវាងអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជំងឺសរសៃឈាមបេះដូង (CVD) បានបង្ហាញថា ការទទួលទានអាស៊ីតខ្លាញ់ទាំងនេះធ្វើឲ្យសរសៃឈាមក្នុងរាងកាយល្អប្រសើរជាងមុន។
ការទទួលទានខ្លាញ់ត្រីពីរដងក្នុងមួយសប្តាហ៍ ដូចជាត្រីសាលម៉ុនដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារបំប៉នសុខភាពដ៏ល្អសម្រាប់សុខភាពបេះដូងបន្ថែមពីនេះការទទួលទានត្រីដុត ឬត្រីឆ្អិន នឹងជួយកាត់បន្ថយជំងឺបេះដូងនិងជំងឺខ្សោយបេះដូងផងដែរ។
2.ជំងឺក្រពេញទីរ៉ូអ៊ីត
សេលេញ៉ូមគឺជាសារធាតុរ៉ែ ដែលចាំបាច់សម្រាប់មុខងារក្រទីរ៉ូអ៊ីត និងសុខភាពឆ្អឹង ដែលធ្វើឲ្យមានសុខភាពល្អ។ដូចនេះត្រីសាលម៉ុនគឺជាប្រភពដ៏ល្អនៃសេលេញ៉ូម។
3.ផ្លូវចិត្ត
ការទទួលទានត្រីសាលម៉ុនផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល និងដំណើរការនៃការចងចាំ។
លើសពីនេះទៅទៀតការទទួលទានត្រីសាលម៉ុនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដែលប៉ះពាល់ផ្សេងៗដូចជាការជំងឺធ្លាក់ទឹកចិត្តជាដើម។
ត្រីសាលម៉ុនក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺថា តាមរយៈការសិក្សាមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេសបានបង្ហាញថា កុមារកើតពីស្ត្រីដែលបរិភោគត្រីសាលម៉ុនយ៉ាងតិច ៣៤០ ក្រាមក្នុងមួយសប្តាហ៍អំឡុងពេលមានផ្ទៃពោះមាន IQs ខ្ពស់ និងមានទំនាក់ទំនងសង្គមល្អប្រសើរ៕
ប្រភព៖ medicalnewstoday ប្រែសម្រួល៖ ជា បញ្ញា