[វីដេអូ] កម្មវិធី ជំងឺមហារីក Ep.07 ប្រធានបទ៖ ជំងឺមហារីកកូនកណ្ដុរ
ជំងឺមហារីកកូនកណ្ដុរ(Lymphoma) គឺជាជំងឺមហារីកប្រព័ន្ធទឹករងៃ ដែលកើតញឹកញាប់ជាងគេ និងមានចំណាត់ថ្នាក់ ស្ថិតនៅក្នុងលេខរៀងទី ៨ ដោយផ្អែកទៅតាមស្ថិតិនៃ Global Cancer នៅឆ្នាំ ២០២០។ ជំងឺនេះ មានភាគរយកើតមានរហូតដល់ ៦៦៨ ករណីក្នុងមួយឆ្នាំ សម្រាប់ប្រទេសកម្ពុជា។
ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រព័ន្ធនេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់ ឬប្រឆាំងនឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកាកាចសាហាវមួយចំនួនក្នុងរាងកាយរបស់មនុស្ស។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកាលាំផូស៊ីត(Lymphocytes) ល្អៗ ឬធម្មតា ទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី រីកប៉ោងប៉ោង(Abnormal Mitosis) និងលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀត។ កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែងផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជា ស្បែក ខួរក្បាល ក្រពះ ពោះវៀន...ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ។
មូលហេតុនៃជំងឺមហារីកកូនកណ្តុរ មិនត្រូវបានរកឃើញនោះទេ ប៉ុន្តែត្រូវបានគេរកឃើញនូវហេតុមួយចំនួនដែលអាចជំរុញឱ្យមនុស្សប្រឈមនឹងជំងឺទៅបាន ដូចជាការបង្ករោគដោយពពួកវីរុសមួយចំនួន ជាអាទិ៍មាន Epstein–Barr Virus, HIV (Human Immunodeficiency Virus) ឬជាប្រភេទមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ និងមានកត្តាដែលជាការរលាកផ្សេងៗជាច្រើនទៀត ក៏អាចនាំឱ្យមានការកើតជំងឺមហារីកកូនកណ្តុរទៅបានផងដែរ។ ជាទូទៅ រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជា ការហើមកូនកណ្តុរនៅត្រង់ក នៅក្រោមក្លៀក ក្រលៀន ចន្លោះទ្រូង ឬដំបៅ ស្នាមក្រហមចម្លែកៗលើស្បែក សរុបទៅ អាចនៅពេញខ្លួនរបស់មនុស្ស គ្រាន់តែអ្វីដែលបានរៀបរាប់ គឺជាកន្លែងសំខាន់ៗ ដែលកើតមានញឹកញាប់។ល។
ជំងឺមហារីកកូនកណ្តុរ គេបែងចែកជាពីរប្រភេទសំខាន់ៗគឺ៖(បែងចែកតាមរយៈការពិសោធ)
១. ប្រភេទទី ១ គឺ “Hodgkin” កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់អាយុជាង៥០ឆ្នាំ និងបុរសកើតជំងឺនេះច្រើនជាងស្ត្រី។
២. ប្រភេទទី ២ គឺ “Non-Hodgkin” មានប្រមាណ ៣០ ប្រភេទផ្សេងគ្នា និងច្រើនកើតលើមនុស្សពេញវ័យ បុរសកើតជំងឺនេះច្រើនជាងស្ត្រី និងលើមនុស្សវ័យចំណាស់ អាយុចន្លោះពី ៤០ ទៅ ៧០ឆ្នាំ។
សម្រាប់ការព្យាបាលវិញ វេជ្ជបណ្ឌិតមានការព្យាបាលជាច្រើនទម្រង់ដូចជា៖
១. តាមរយៈកាំរស្មី(សម្រាប់ជំងឺមហារីកកូនកណ្តុរ Hodgkin ដំណាក់កាលដំបូង)
២. ការព្យាបាលដោយឱសថគីមីទំនើបៗរួមបញ្ចូលគ្នាដើម្បីសម្លាប់កោសិកាមហារីកកូនកណ្តុរដែលវិវឌ្ឍន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
៣. Stem Cell Transplant ព្យាបាលដោយប្តូរខួរឆ្អឹងក្រហម ឬដោយប្តូរកោសិកាពូជថ្មីៗ (Stem Cell) សម្រាប់ករណីមហារីកកូនកណ្តុរដែលវិវឌ្ឍន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង។
៤. ការព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឱ្យសម្លាប់កោសិកាមហារីកដោយខ្លួនឯង(Immunotherapy)។ល។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖