FIFA ហាមឃាត់លោក Rubiales ពីបាល់ទាត់រយៈពេល ៣ឆ្នាំ ពីបទចាប់ថើប កីឡាការិនីជនជាតិអេស្ប៉ាញ

ស្ថានប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីប្រកាសពីថ្ងៃចន្ទម្សិលមិញនេះ សម្រេចហាមឃាត់រយៈពេល ៣ឆ្នាំ ទៅលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីលោកបានចាប់បង្ខំថើបបបូមាត់កីឡាការិនី Jenni Hermoso ដែលជាម្ចាស់ពានរង្វាន់ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
FIFA បានលើកឡើងថា «អតីតប្រធានក្រុមលោក Rubiales បច្ចុប្បន្ននេះ ត្រូវបានហាមឃាត់សកម្មភាពទាំងអស់ ក្នុងវិស័យបាល់ទាត់ រយៈពេល ៣ឆ្នាំ» បន្ទាប់ពីលោកបានថើបក្រុមស្ត្រីអេស្ប៉ាញម្នាក់ដោយមិនមានស្នើសុំ អំឡុងពេលពិធីបំពាក់មេដាយ ក្រោយពីក្រុមស្ត្រីអេស្ប៉ាញ បានឈ្នះពានរង្វាន់ Women's World Cup នៅទីក្រុង Sydney កាលពីថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា កីឡាការិនី Hermoso បានលើកឡើងថា «សកម្មភាពបែបនេះ បានធ្វើឱ្យនាងមានអារម្មណ៍ថា ខ្លួនគឺជាជនងាយរងគ្រោះ » ដែលត្រូវគេបានចែករំលែក ឬនិយាយពេញបណ្តាញសង្គម ដ្បិតលោក Rubiales ធ្លាប់បានអះអាងថា «ការថើបនោះ គឺជាការឯកភាពគ្នា»៕
ប្រភព ៖ CNA