រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាល ត្រូវផ្តល់ឥរិយាបទល្អ ដល់ប្រជាពលរដ្ឋយើង និងបន្តពង្រឹងសមត្ថភាព គុណភាពនៃការបម្រើសេវាឱ្យកាន់តែប្រសើរឡើង»

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

 
រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាល ត្រូវផ្តល់ឥរិយាបទល្អ ដល់ប្រជាពលរដ្ឋយើង និងបន្តពង្រឹងសមត្ថភាព គុណភាពនៃការបម្រើសេវាឱ្យកាន់តែប្រសើរឡើង»

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកអំពីការបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ពិសេសបន្តពង្រឹងបន្ថែមនូវការបម្រើសេវាសុខាភិបាល នៅតាមអង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ ឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់កិច្ចការងារទាំងផ្នែករដ្ឋបាល និងខាងបច្ចេកទេស ត្រូវតែមានភាពរហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវរៀបចំផែនការ និងគិតអំពីបញ្ហាស្មុគស្មាញដែលអាចកើតមាន នឹងរិះរកវិធីសាស្រ្តដើម្បីដោះស្រាយឱ្យបានមុនពេលដែលកើតមានឡើង។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចនូវបញ្ហាមួយចំនួនដែលត្រូវគិតគូ សម្រាប់ស្ថានភាពក្នុងពេលបច្ចុប្បន្ន និងពេលខាងមុខ រួមមាន៖

-បញ្ហាវីរុសឆ្លង (ដូចជា Hantavirus និងវីរុសផ្សេងទៀត) ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ តាមដាន និងត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា

-សូមឱ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធ រៀបចំសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំចាត់មូស ដើម្បីការពារសុខភាពប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានាពេលខាងមុខនេះ

-សូមឱ្យមន្រ្តីបច្ចេកទេស រៀបចំសារអប់រំសុខភាពបន្ថែមទៀត ឱ្យឆ្លុះបញ្ចាំងនូវបរិបទបច្ចុប្បន្ន

-ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ គួរចាប់យកបច្ចេកវិទ្យាសម័យថ្មី ដូចជាបច្ចេកវិទ្យា AI ជាដើម ដើម្បីជំនួយដល់ការងាររបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់នូវគោលជំហរ និងអនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីការត្រៀមខ្លួនក្នុងការចូលរួម សន្និបាតសុខភាពពិភពលោក លើកទី៧៩។









ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា