ព្រលានយន្តហោះខេត្តមណ្ឌលគិរីគ្រោងសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ
ភ្នំពេញ៖គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់ មុនដាក់ជូនរាជរដ្ឋាភិបាល ។
ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ព្រលានយន្តហោះកាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានទៅដល់ការចរចារវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋហើយនឹងបន្តឈានទៅដល់កិច្ចព្រមព្រៀងសម្បទាន ទើបឈានទៅដល់ការសាងសង់ព្រលាននេះ។ ឯកឧត្តមបញ្ជាក់ថា ការចរចានេះ ត្រូវចំណាយពេលវេលាប្រមាណ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ទើបអាចដំណើរការសាងសង់បាន ។
ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌនេះ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថាបានឱ្យដឹងថា ពីពេលនេះរហូតដល់ចុងខែ០៨ ទើបយើងទទួលបានលទ្ធផល ហើយបន្ទាប់មក នៅធ្វើកិច្ចព្រមព្រៀងសម្បទាន ឈរទៅលើអ្វីដែលបានអនុវត្តកន្លងមក ដាក់ចូលក្នុងកិច្ចព្រមព្រៀងនោះ ទាំងសិក្សា ទាំងសំណើ និងសំណូមពរ ដាក់ចូលក្នុងកិច្ចព្រមព្រៀងសម្បទាននេះ ហើយយើងចាប់ផ្ដើមសាងសង់បាន អ៊ីចឹងការសាងសង់យើងរំពឹងទុកថានៅចុងឆ្នាំ២០២១នេះ ។
ឯកឧត្តមបានបន្តថា នៅពេលដែលព្រលានយន្តហោះថ្មីសាងសង់រួចរាល់នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេស ការធ្វើដំណើរកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ។ម្យ៉ាងទៀត មណ្ឌលគិរីជាខេត្តមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ។
សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីក្នុងខេត្តមណ្ឌលគិរីគ្រោងសាងសង់ជាប្រភេទ៤C គ្រោងសាងសង់លើផ្ទៃដីប្រមាជាង៣០០ហិកតា មានចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ដែលគ្រោងចំណាយថវិកាប្រមាណជិត១០០លានដុល្លារសហរដ្ឋអាម៉េរិកក្នុងការសាងសង់ ៕
ប្រភព: ក្រសួងព័ត៌មាន