ASPIRE-AT ផ្ដោតទៅលើការបង្កើនផលិតកម្ម នឹងជំរុញទៅកាន់ទីផ្សារអន្តរជាតិ

RNK ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣– កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ឬហៅថា ASPIRE-AT ក្នុង ជំហ៊ានទី២នេះត្រូវបានមន្ត្រីជំនាញខិតខំពង្រឹងបន្ថែមទៀតដល់ប្រជាសហគមន៍ដែលបានទទួលការបណ្ដុះបណ្ដាលកាលពីជំហានទី១កន្លងមក ក្នុងគោលបំណងភ្ជាប់ផលិតផលកសិកម្មទៅទីផ្សារ។គម្រោងរយៈពេល៧ឆ្នាំបន្តទៀតនេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញពាណិជ្ជកម្មផលិតផលកសិកម្មសំខាន់ៗ ដូចជាបន្លែ គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ផលិតផលផ្លែឈើកែច្នៃ និងបសុបក្សី សម្រាប់ការនាំចេញ។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្មឬហៅថា ASPIRE-AT ក្នុង ជំហ៊ានទី២នេះបានដាក់ដំណើរការកាលពីដើមឆ្នាំ២០២៣ ដើម្បីតភ្ជាប់ផលិតផលកសិកម្មរបស់កសិករជាមួយនឹងទីផ្សារនាំចេញ និងក្នុងស្រុក។ ASPIRE-AT នឹងបន្តគាំទ្របណ្តុំអាជីវកម្មចាស់និងការបង្កើតថ្មី ដើម្បីបង្ហាញអំពីគោលបំណង គោលដៅ ការចងក្រងសហគមន៍កសិកម្ម និងផ្សព្វផ្សាយការអនុវត្តន៍សកម្មភាពរបស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣។ឯ.ឧ.បណ្ឌិតមាសពិសិដ្ឋអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជានាយកនៃកម្មវិធីASPIRE-AT បានមានប្រសាសន៍ថា៖ ប្រជាសហគមន៍ដែលបានចូលរួមក្នុងកម្មវិធីអាស្ប៉ាយកន្លងមកគឺពួកគាត់មានដើមទុនមានបទពិសោធន៍ជាមូលដ្ឋានគ្រឹះដែលនឹងធ្វើឱ្យអាស្ប៉ាយជំហ៊ានទី២កាន់តែមានការវិវឌ្ឍន៍ល្អប្រសើរច្រើនជាងមុន។

 
ASPIRE-AT ផ្ដោតទៅលើការបង្កើនផលិតកម្ម នឹងជំរុញទៅកាន់ទីផ្សារអន្តរជាតិ

សំឡេងទី១«អាស្ប៉ាយជំហ៊ានទី២យើងផ្ដោតទៅលើការបង្កើនផលិតកម្មមានន័យថាធ្វើឱ្យបានផលច្រើនឱ្យឈ្នះជាមួយអាកាសធាតុហើជំរុញទីផ្សារនាំចេញគឺយើងមានកញ្ចប់ថវិកាសម្រាប់សហគមន៍កសិកម្មសម្រាប់ក្រុមហ៊ុនឯកជនដែលរកស៊ីផ្នែកកសិកម្ម។ខ្ចីលុយសម្រាប់កែលម្អសម្ភារៈបរិក្ខារប្រើប្រាស់ឬមួយហេដ្ឋារចនាសម្ពន្ធរបស់គាត់ដើម្បីឱ្យកើនផលិតកម្មរបស់គាត់ ផង ដើម្បីធ្វើឱ្យអ្វីដែលគាត់ផលិតបានវាមានបរិមាណច្រើនគ្រប់គ្រាន់មានគុណភាពល្អគ្រប់គ្រាន់ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ»។ ឯ.ឧ.បណ្ឌិតមាស ពិសិដ្ឋបានបន្តទៀតថា៖ កាលពីកម្មវិធីអាស្ប៉ា

យជំហានដំបូង គឺមន្ត្រីជំនាញ បានផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេស និងការចងក្រងគ្នាជាបណ្ដុំនៅទូទាំងប្រទេសជាង២៥០០

បណ្ដុំ។ ដោយឡែកសម្រាប់ជំហានទី២នេះ កម្មវិធីនឹងបន្តពង្រឹងនៅតាមបណ្ដុំកសិកម្ម ណាដែលមានភាពរឹងមាំ ឱ្យក្លាយទៅជាសហគមន៍កសិកម្ម ដើម្បីឱ្យការផលិតរបស់ពួកគាត់កាន់តែមានគុណភាព និងមានលទ្ធភាពអាចផ្គត់ផ្គង់ផលិតផលសម្រាប់លក់នៅទីផ្សារក្នុងស្រុកនិងការនាំចេញ។

សំឡេងទី២«យើងផ្ដោតទៅលើការជួយបច្ចេកទេសដល់ពួកគាត់ទៅលើការរៀបចំឱ្យគាត់មានផែនការអាជីវកម្មច្បាស់លាស់។សម្របសម្រួលឱ្យពួកគាត់ទទួលបានប្រាក់កម្ចីពីកម្មវិធីអាស្ប៉ាយជំហានទី២ ។ ហើយអត្រាការប្រាក់អាស្ប៉ាយជំហានពីរគឺទទួលបានពី ធនាគាររបស់រដ្ឋចំនួន២គឺធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងធនាគារសហគ្រាសធុនតូចនិងមធ្យមដែលយើងបានសម្របសម្រួលគ្នាយកការប្រាក់ទាបសមរម្យជាងធនាគារឯកជនហើយយើងរកវិធីដើម្បីឱ្យធនាគារហ្នឹងមិនតម្រូវឱ្យសហគមន៍កសិករមិនចាំបាច់ត្រូវតែមានដាក់ទ្រព្យបញ្ចាំ»

បច្ចុប្បន្ន បន្លែ ត្រី សាច់ នៅតែមានការនាំចូលពីប្រទេសជិតខាងជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការទីផ្សារ។ឯកឧត្ដមនាយកនៃកម្មវិធីASPIRE-AT បានលើកឡើងថា៖ កម្មវិធីអាស្ប៉ាយជំហានទី២នេះ នឹងពង្រឹងការផលិតឱ្យបានច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រមទាំងផ្ដោតក្នុងការនាំចេញគឺមានដូចជា គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់និង ផ្លែឈើកែច្នៃ។

សំឡេងទី៣« យើងផ្ដោតទៅលើការជួយតម្រង់ទិសចងក្រងគាត់ឱ្យទៅជាសហគមន៍កសិកម្ម យើង ផ្ដោតទៅលើក្រុមហ៊ុនដែលរកស៊ីជាមួវិស័យកសិកម្មដែលធានានឹងទិញកសិផលដែលកសិករខ្នាតតូចៗ។ យើងអាចឱ្យសហគមន៍ឬក៏ក្រុមហ៊ុនណាមួយខ្ចីលុយបានយកមកពង្រីកអាជីវកម្ម បាន លុះត្រាតែយើងពិនិត្យឃើញថា អាជីវកម្មដែលគាត់ធ្វើ ពិតជាផ្ដល់ផលប្រយោជន៍ដល់កសិករ ដែលមានទំហំផលិតកម្មតូច»។ ងាកមកខេត្តត្បូងឃ្មុំវិញមន្ទីរកសិកម្មខេត្តកំពុងនឹងបង្កើតសហគមន៍ថ្មីដែលមានសក្ដានុពល សម្រាប់នាំចេញដូចជាម្រេច ពោតសម្រាប់ផលិតជាចំណីសត្វ គ្រាប់ស្វាយចន្ទី និងចិញ្ចឹមមាន់។ លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានមានប្រសាសន៍ថា៖ ចំពោះអាស្ប៉ាយជំហានទី២ នេះ ខាងគម្រោងនឹងពង្រឹងទៅលើសក្ដានុពលដែលខេត្តមាន ហើយអាចនាំចេញទៅក្រៅប្រទេសបាន ។ សម្រាប់ឆ្នាំ២០២៣ មន្ត្រីជំនាញបានពង្រឹងសហគមន៍ និងបណ្ដុំកសិករ ព្រមទាំងបង្កើតសហគមន៍ថ្មី ហើយជាលទ្ធផលជាក់ស្តែងសរុបទាំងចាស់និងថ្មីបានចំនួន១៩អង្គភាព។

សំឡេងទី៤«កាលពីអាស្ប៉ាយទី១យើងអត់មានផ្ដោតទៅលើស្វាយចន្ទី និងម្រេចទេ សម្រាប់ខេត្តត្បូងឃ្មុំ ។ ប៉ុន្តែចូលដល់ ASPIRE-ATនេះ បានពង្រីកទៅដំណាំស្វាយចន្ទី និងម្រេចទៀត។ទាក់ទងនឹងនេះយើងមានសហគមន៍ស្រាប់គ្រាន់តែយើងទៅជួបគាត់ដើម្បីពង្រឹងរចនាសម្ពន្ធរបស់គាត់ឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអនុវត្តកម្មវិធី។ដោយឡែកស្វាយចន្ទីយើងរៀបចំបង្កើតថ្មីព្រោះគម្រោងមុនអត់មានទេ។មកដល់ខែ៩នេះយើងបានចុះពិនិត្យនិងផ្សព្វផ្សាយគោលគំនិត ដើម្បីបង្កើតសហគមន៍ថ្មីចំនួន៣»។ លោកប្រធានមន្ទីរបានបន្ថែមទៀតថា ៖ ប្រជាកសិករដែលបានចងក្រងគ្នាជាបណ្ដុំ ឬក៏សហគមន៍ហើយនោះ គឺពួកគាត់មានការយល់ដឹងខ្លះហើយពីបំណងរបស់គម្រោងនេះ ដូច្នេះការអនុវត្តន៍ ASPIRE-AT នឹងដំណើរការដោយរលូនបន្ថែមទៀត។

សំឡេងទី៥«ក្នុងសហគមន៍ចាស់ឬបណ្ដុំចាស់ មានដំណាំមួយចំនួនមាននៅក្នុងហ្នឹងស្រាប់ ដូច្នេះយើងគ្រាន់តែទៅជួបគាត់ ឱ្យពួកគាត់ពង្រឹងរចនាសម្ពន្ធ ដឹងពីចំនួនផលិត ដើម្បីងាយស្រួល ក្នុងការទំនាក់ទំនងជាមួយទីផ្សារ ក្នុងការបញ្ជាទិញផលិតផល»លោកហេង ពិសិដ្ឋបានលើកឡើងថា៖កម្មវិធីនេះ បានជួយផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាកសិករដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណឱ្យងាកមកប្រើប្រាស់បច្ចេកទេសថ្មីដែលអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។

សំឡេងទី៦«គាត់ផ្លាស់ប្ដូរការដាំដុះបែបទំនៀមទម្លាប់មកជាការដាំដុះបែបបច្ចេកទេសថ្មីដោយប្រើ តំណក់ទឹក ហើយចេះពិគ្រោះគ្នាក្នុងការទិញវត្ថុធាតុដើម មកដំណើរការអាជីវកម្មរបស់គាត់។ គាត់ មានការពិគ្រោះគ្នាអំពីទីផ្សារ តើពេលខាងមុខទីផ្សារត្រូវការអ្វី គាត់ចេះបែងចែកការដាំមិនឱ្យជាន់គ្នា ដាំតាមតម្រូវទីផ្សារ គាត់ចេះពិគ្រោះគ្នារកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យសង្វាក់ផលិតកម្មរបស់ក្រុមខ្លួន ដំណើរការល្អ»

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ឬហៅថា ASPIRE-AT ជាគម្រោងបន្តអនុវត្តពីគ្រោង ASPIREដែលជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។គម្រោងនេះបានចាប់ផ្ដើមអនុវត្តនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៦ ហើយត្រូវបានបញ្ចប់ នៅឆ្នាំ ២០២២ដោយបានអនុវត្តលើខេត្តទាំង២៤។បន្ទាប់ពីគម្រោងនេះបានបញ្ចប់ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម IFAD ដែលជាម្ចាស់ជំនួយបានពិនិត្យវាយតម្លៃថាជាគម្រោងល្អជាងគេក្នុងចំណោមគម្រោងផ្សេង ៗ ហើយទទួលស្គាល់ថាគម្រោងនេះទទួល បានជោគជ័យ ទើបសម្រេចបន្ដគម្រោងទី២ហៅថា ASPIRE-AT ដែលមានរយៈពេល ៧ឆ្នាំបន្តទៀតដោយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣

ដល់ឆ្នាំ២០២៩។ គម្រោងនេះផ្ដោតទៅលើ ការបង្កើនផលិតកម្ម និងជំរុញទៅដល់ទីផ្សារអន្តរជាតិ។

រហូតមកដល់ពេលនេះ កសិផលជាច្រើន ដែលផលិតដោយកសិករដែលទទួលផលពី អាស្ប៉ាយ អាចលក់ដូរបាន នៅក្នុងទីផ្សារទំនើប នៅទូទាំងប្រទេសកម្ពុជា៕ 

ដោយ៖ លោកស្រី សន សាវិន, សម្រួលផ្សាយ៖ កន ចំណាន

ប្រភព ៖ ក្រសួងព័ត៌មាន