អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត
AKP សៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣-- មន្ត្រីជំនាញអភិរក្សថ្ម របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរានិងក្រុមការងារបច្ចេកទេស បាននិងកំពុងមមាញឹកជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្តពោលគឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ តាមរយៈការរុញថ្ម ដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។
លោក រ៉ូ សុវណ្ណដារដ្ឋ ប្រធានក្រុមការងារបច្ចេកទេស ជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត បានឱ្យដឹងថាគិតរហូតមកដល់ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្តនៅតាមកន្លែងដែលមានថ្មញែកចេញពីគ្នា។ ដោយក្រុមការងារបានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗប្រហែល២០កន្លែងដើម្បីជួយទប់លំនឹងកុំឱ្យរហែកតទៅទៀត។
លោក រ៉ូ សុវណ្ណដារដ្ឋ បានពន្យល់ថា បច្ចេកទេស នៃការទាញដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែកជា៤ថ្នាក់ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯកន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិតភ្ជាប់កុំឱ្យទឹកជ្រាបចូលដូចជានៅចំណុចជ្រុងអាគ្នេយ៍ជាដើម។ បច្ចុប្បន្ននេះខឿនបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តាចលនាទម្ងន់សង្កត់ពីលើ អាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿនពីអតីតកាល និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នារួមផ្សំនឹងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផង បណ្តាលឱ្យរចនាសម្ព័ន្ធទ្រទ្រង់របស់ជាន់បាកាណថយកម្លាំងទប់ខ្លះ។ តែទោះជាយ៉ាងណាមន្ត្រីជំនាញរូបនោះបានឱ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការជួសជុល និងពង្រឹងខឿនបាកាណនៅសល់តែ២ជ្រុងផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ ៕
ដោយហង្ស សៀក ប្រភព ៖ ក្រសួងព័ត៌មាន - Ministry of Information