ស្វែងយល់អំពីស្ថានភាព Internet និងបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា!
នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រើប្រាស់ជាមធ្យោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមានចំនួន ៨,៨៦លាននាក់ (៥២,៦%) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣%) ចំនែកការប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ ២១,១៨លាននាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀបនឹងចំនួនសរុបនៃប្រជាជនកម្ពុជា។ បន្ថែមលើការប្រើប្រាស់បណ្តាញអ៊ីនធឺណិត តាមរយៈការស្រាវជ្រាវលើប្រព័ន្ធស្វែងរកឧបករណ៍បច្ចេកវិទ្យា (Internet of Things - IoT របស់កម្មវិធី Censys និង Shodan) បង្ហាញថាកម្ពុជាមានអាសយដ្ឋានអាយភី (Public IP Addresses) តភ្ជាប់អ៊ីនធឺណិតប្រមាណ ១៨២.៧៦៤ អាយភី នៅតាមបណ្តារាជធានីខេត្ត។
បើយើងក្រឡេកមកមើលការវិវឌ្ឍនៃឧស្សាហកម្មទី៤ (Industry 4.0) ការរីកលូតលាស់នៃបណ្តាញអ៊ីនធឺណេត ប្រព័ន្ធទិន្នន័យធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ការចាប់យកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាក្នុងការពង្រឹងគុណភាពសេវាសាធារណៈ និង បច្ចេកវិទ្យាឌីជីថល ជាច្រើនទៀត បានជម្រុញព្រះរាជាណាចក្រកម្ពុជា ឈានជើងចូលក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងរដ្ឋាភិបាលឌីជីថល (Digital Government)។ ការផ្លាស់ប្តូរមកមកប្រើប្រាស់ប្រព័ន្ធ ឌីជីថល នឹងផ្តល់ជាគុណប្រយោជន៍បន្ថែមថ្មីដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ហើយក៏បានជម្រុញឲ្យការរស់នៅ របស់ពលរដ្ឋកម្ពុជាកាន់តែមានភាពងាយស្រួលផងដែរ។
ដើម្បីធានាបាននូវសុខមាលភាពនៃបច្ចេកវិទ្យា និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព គាំទ្រសេដ្ឋកិច្ចឌីជីថល (Digital Economy) រដ្ឋាភិបាលឌីជីថល (Digital Government) និងបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តខិតខំបង្កើតនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា តួយ៉ាង៖
- ច្បាប់ស្តីពី "ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក"
- ច្បាប់ស្តីពី "កិច្ចការពារអ្នកប្រើប្រាស់"
- ច្បាប់ស្តីពី "បទល្មើសបច្ចេកវិទ្យាព័ត៌មាន" (ស្ថិតក្នុងសេចក្តីព្រាង)
- អនុក្រឹត្យស្តីពី "ការគ្រប់គ្រងប្រើប្រាស់ និងការពារសុវត្ថិភាពទិន្នន័យអត្តសសញ្ញាណបុគ្គល " (ស្ថិតក្នុងសេចក្តីព្រាង)
- អនុក្រឹត្យស្តីពី "ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ"
- អនុក្រឹត្យស្តីពី "ការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន"
- អនុក្រឹត្យស្តីពី "ហត្ថលេខាឌីជីថល"
- បទបញ្ញាតិស្តីពី "គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា TRM" របស់ធនាគារជាតិ នៃកម្ពុជា។
បញ្ជាក់៖ ឯកសារគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ មានច្រើនជាងនេះ និងកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសេចក្តីព្រាង។
#InternetStatus #InternetSecurity #Governance #Cambodia #ITDepartment #MoI
ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា