វៀតណាមមានការប្រុងប្រយត្ន័ចំពោះវីរុសកូវីដ-១៩ បន្ទាប់ពីមានករណីឆ្លងនៅក្នុងស្រុកអស់រយៈពេល ៣ខែកន្លងមកនេះ
ហាណូយ៖ ប្រទេសវៀតណាមត្រលប់មកធ្វើការជូនដំណឹងទៅលើការប្រុងប្រយ័ត្នម្តងទៀតហើយចំពោះករណីឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីក្រុមមន្រ្តីវេជ្ជសាស្ត្រនៅកណ្តាលទីក្រុងដាណាងបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងនៅក្នុងប្រទេសអាស៊ីអស់រយៈពេល ៣ខែ។
ដោយសារតែមានវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាយ៉ាងតឹងរឹង និងកម្មវិធីតេស្តរបស់ប្រទេសវៀតណាម បានធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩មានកម្រិតទាបគឺ ៤១៥ករណីហើយក៏បានរាយការណ៍ថាគ្មានករណីឆ្លងមេរោគក្នុងស្រុកអស់រយៈពេលជាង ១០០ថ្ងៃកន្លងទៅ។
ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ ៥៧ ឆ្នាំម្នាក់មកពីដាណាំងដែលជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយមួយនៅប្រទេសវៀតណាម បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ហើយអ្នកដែលរួមដំណើរជាមួយគាត់ប្រមាណជា ៥០នាក់ក៏ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។បន្ថែមពីនេះក្រសួងក៏បាននិយាយថាមនុស្សចំនួន ១០៣ នាក់ដែលមានទំនាក់ទំនងជាមួយគាត់ក៏ត្រូវបានធ្វើតេស្តដែរ ប៉ុន្តែពួកគេទទួលបានលទ្ធផលអវិជ្ជមាន។
គួររម្លឹកផងដែរថា៖ ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ០១ករណីនេះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសវៀតណាមមានចំនួន ៤១៦ករណី និងមិនមានករណីស្លាប់ដោយសាវីរុសទេ៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន