ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ក្នុងខែឧសភាខាងមុខនេះ
ស្របពេលដែលពិភពលោកកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ព័ត៌មានសេដ្ឋកិច្ចដ៏សំខាន់មួយទៀតបានលេចឡើង ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតពីរ គឺសហរដ្ឋអាមេរិក និងចិន។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Al Jazeera តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងខែឧសភាខាងមុខនេះ។ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីស្វែងរកស្ថិរភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងកាត់បន្ថយភាពតានតឹងដែលបានអូសបន្លាយកន្លងមក។
លោក Greer បានលើកឡើងថា ទោះបីជារដ្ឋបាលលោក ត្រាំ នៅតែបន្តប្រកាន់ជំហរម៉ឺងម៉ាត់លើការការពារផលប្រយោជន៍អាមេរិក ប៉ុន្តែលោកប្រធានាធិបតីយល់ឃើញថា កិច្ចសន្ទនាកម្រិតកំពូលគឺចាំបាច់ណាស់ ដើម្បីជៀសវាងការយល់ច្រឡំដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជំនួបនេះត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាពន្ធគយ បច្ចេកវិទ្យា និងតុល្យភាពនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
ប្រភព៖ Al Jazeera


















