មកស្គាល់សេដ្ឋី និងមហាសេដ្ឋី បច្ចេកវិទ្យាដែលរៀនមិនចប់ថ្នាក់មហាវិទ្យាល័យទាំង ១០ រូប
មានរឿងរ៉ាវនឹកស្មានមិនដល់ជាច្រើនដែលកើតឡើងក្នុងខ្សែជីវិតរបស់ស្ថាបនិកក្រុមហ៊ុនកំពូល ១០ រូប បានសម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យរួចមកជ្រកក្រោមទ្រនំឧស្សាហកម្មបច្ចេកវិទ្យាទាំងប្រថុយប្រថាន។
នោះក៏ប្រហែលទំនងមកពីកត្តាជីវភាពគ្រួសារនិយាយដោយឡែក ឬប្រហែលដោយសារកត្តាពុះកញ្ច្រោលខ្លាំងដើម្បីរត់តាមក្តីស្រមៃរបស់ខ្លួននិយាយមួយបែបទៀត។
មកទល់ពេលបច្ចុប្បន្ននេះសហគ្រិនទាំងនោះសុទ្ធតែទទួលបានភាពជោគជ័យខ្លាំងរហូតជាប់ឈ្មោះជាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលថែមទៀតផង។
១.លោក Michael Dell
Michael បានបោះបង់ការសិក្សានៅសកលវិទ្យាល័យនៃរដ្ឋ Texas ក្នុងទីក្រុង Austin អំឡុងវ័យ ១៩ ឆ្នាំ។ ក្រោយមករកឃើញក្រុមហ៊ុន Dell Technologies និងបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥ ពាន់លានដុល្លារ។
២.លោក Steve Jobs
ស្ថាបនិក Apple រូបនេះ ដើរចេញពីសកលវិទ្យាល័យ Reed College ក្នុងវ័យ ១៩ ឆ្នាំ មូលហេតុមកពីជួបបញ្ហាជីវភាពក្នុងគ្រួសារ។
៣.លោក Hykuab Assange
មុនប្រលូកខ្លួនក្នុងវិស័យ Hacker លោក Julian បានសិក្សាផ្នែកគណិតវិទ្យានៅសកលវិទ្យាល័យ Melbourne ប៉ុន្តែនៅវ័យ ១៩ ឆ្នាំ ក៏សម្រេចបោះបង់ការសិក្សា ហើយមកចាប់បង្កើតគេហទំព័រ WikiLeaks។
៤.លោក Bill Gates
ចូលសិក្សានៅសកលវិទ្យាល័យ Harvard អស់រយៈពេល ២ ឆ្នាំ មុនមកបើកដំណើរការក្រុមហ៊ុន Microsoft។ កាសែត Harvard Crimson បានឲ្យនាមបុរសរូបនេះថាជា៖ "បុគ្គលដែលជោគជ័យបំផុតក្រោយបោះបង់ការសិក្សានៅ Harvard” និងបច្ចុប្បន្នក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិសរុបប្រមាណ ៩០ ពាន់លានដុល្លារ។
៥.លោក Evan Williams
ជាកូនកសិករមានដើមកំណើតក្នុងទីក្រុង Clarks រដ្ឋ Nebraska សហរដ្ឋអាមេរិក ហើយបាន ចូលសិក្សានៅ សកលវិទ្យាល័យ Nebraska បាន ៣ ឆមាសមុនបោះបង់ការសិក្សា។ ក្រោយមកដើរតួជាអ្នកសរសេរកម្មវិធីឯករាជ្យ បម្រើការឲ្យ Intel និង Hewlett-Packard មុនប្រលូកខ្លួនក្នុងក្រុមហ៊ុន Google ប៉ុន្តែមិនបានប៉ុន្មាន ក៏បោះបង់ការងារ នៅក្រុមហ៊ុនយក្សមួយនោះ ហើយមកស្រវាបង្កើត Twitter ក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៩ ពាន់លានដុល្លារមកទល់ពេលបច្ចុប្បន្ន។
៦.លោក Mark Zuckerberg
ជាអតីតនិស្សិតបោះបង់ការសិក្សាពីសកលវិទ្យាល័យ Harvard មកចាប់បង្កើត Facebook ក្នុងឆ្នាំ ២០០៤ ខណៈសព្វថ្ងៃមានទ្រព្យសម្បត្តិប្រមាណ ៨២ ពាន់លានដុល្លារ។
៧.លោក Larry Ellison
Larry ធ្លាប់ត្រូវបានឪពុកម្តាយចិញ្ចឹមបង្ខំឲ្យចាប់យកជំនាញវេជ្ជបណ្ឌិត ប៉ុន្តែដោយចិត្ត ស្រលាញ់បុរសកម្សត់រូបនេះបានសិក្សាលើផ្នែក Software ហើយកំពុងដំណើរការក្រុមហ៊ុន Oracle ជាសេដ្ឋីមានទ្រព្យសម្បត្តិ ៧០ ពាន់លានដុល្លារ។
៨.លោក Jan Koum
នៅវ័យ ២១ ឆ្នាំ លោក Jan បានបោះបង់ការសិក្សា ហើយចូលមកបម្រើការឲ្យក្រុមហ៊ុន Yahoo មុនទៅបង្កើតសេវាកម្មផ្ញើសារហ័ស WhatsApp រហូតត្រូវ Facebook ទិញយកក្នុងតម្លៃ ១១ ពាន់លានដុល្លារ។
៩.លោក Travis Kalanick
ជា CEO និងនាយកប្រតិបត្តិនៃ Uber លោកធ្លាប់បានសិក្សាផ្នែកវិស្វកម្មកុំព្យូទ័រនៅ UCLA ប៉ុន្តែបានបោះបង់ថ្នាក់មហាវិទ្យាល័យមុនរយៈពេល ១ ខែ នៃថ្ងៃបញ្ចប់ការសិក្សា ហើយចូលមកបម្រើការឲ្យក្រុមហ៊ុន Scour មានទ្រព្យសម្បត្តិប្រមាណ ៧ ពាន់លានដុល្លារ។
១០.លោក John Mackey
ចាប់យកផ្នែកសាសនា និងទស្សនវិទ្យានៅសកលវិទ្យាល័យនៃរដ្ឋ Texas ប៉ុន្តែមុនបោះបង់ការសិក្សាលោកបានខ្ចីប្រាក់ ៤៥ ០០០ ដុល្លារ ទៅចាប់ផ្តើមហាងលក់អាហារ SaferWay នៅទីក្រុង Austin មុនពង្រីកអាជីវកម្មចូលក្រុមហ៊ុន Whole Foods និងសព្វថ្ងៃមានទ្រព្យសម្បត្តិប្រមាណ ១១៥ លានដុល្លារ៕
ប្រភព៖ CNBC ដោយ៖ ជា បញ្ញា