កូរ៉េខាងត្បូងនិយាយថា មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទំនងព្យាយាមជៀសមិនឲ្យឆ្លងវីរុសកូវីដ១៩

សេអ៊ូល៖ រដ្ឋមន្រ្តីកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយថា លោក គីម ជុងអ៊ុនខកខានមិនបានចូលរួមក្នុងទិវាដ៏សំខាន់កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ គឺទំនងដោយសារតែការព្រួយបារម្ភពីជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ២០២០។

 
កូរ៉េខាងត្បូងនិយាយថា មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទំនងព្យាយាមជៀសមិនឲ្យឆ្លងវីរុសកូវីដ១៩

មន្ទិលសង្ស័យអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកើនឡើងកាន់តែខ្លាំងក្រោយពេលដែលលោកអវត្តមាននៅក្នុងទិវារំលឹកខួបកំណើតរបស់បិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏មិនបានលេខមុខក្នុងកិច្ចប្រជុំបក្សពលករកូរ៉េផងដែរកាលពីថ្ងៃទី១១ ខែមេសា។

មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងបានអះអាងម្តងហើយម្តងទៀតថា មិនមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើងឡើយនៅកូរ៉េខាងជើង ហើយសង្កត់ធ្ងន់ឲ្យមានការប្រុងប្រយ័ត្នចំពោះរបាយករណ៍ស្តីពីសុខភាពរបស់លោក គីម ជុនអ៊ុន។

សូមបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់បាននិយាយថា មិនមានករណីកូវីដ១៩កើតឡើងឡើយ ដោយបានអះអាងថាប្រទេសរបស់ខ្លួនបានចាត់វិធានការយ៉ាងម៉ត់ចត់ចំពោះការរីករាយដាលនេះ។ លោក គីម យ៉ុនចូល រដ្ឋមន្រ្តីបង្រួមបង្រួមកូរ៉េបានប្រាប់តំណាងរាស្រ្តកូរ៉េខាងត្បូងថា អវត្តមានរបស់លោក គីម ជុងអ៊ុន ពីពិធីនានាមិនមានអ្វីប្លែកនោះឡើយ។

លោកបានបន្ថែមថា ជាការពិតណាស់ដែលថាមេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះមិនដែលខកខានចូលរួមក្នុងពិធីខួបកំណើតរបស់លោក គីម អ៊ីល សុង ដែលគេចាត់ទុកថាជាពិធីសំខាន់បំផុតរបស់កូរ៉េខាងជើងម្តងណាឡើយ ចាប់តាំងពីលោកចូលកាន់តំណែង ប៉ុន្តែដែលថាមានពិធី និងកម្មវិធីជាច្រើនទៀតដែលលោកគីម ជុនអ៊ុន បានលុបចោលដោយសារក្តីកង្វល់ពីវីរុសកូវីដ១៩។ ជាមួយគ្នានេះ យ៉ាងហោចណាស់មានឧទាហរណ៍ចំនួន២កាលពីពាក់កណ្តាលខែមករាកន្លងទៅ ដែលលោក គីម ជុងអ៊ុន បានបាត់មុខអស់របស់ពេលប្រមាណ ២០ថ្ងៃ។ ដូច្នេះវាមិនមានអ្វីប្លែកនោះទេចំពោះស្ថានភាពនៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្រ្តីបង្រួមបង្រួមរូបនេះក៏បានចាត់ទុកការរាយការណ៍ដែលថាលោកគីម ជុងអ៊ុន វះកាត់បះដូង និងថាក្រុមអ្នកវេជ្ជសាស្រ្តចិនធ្វើដំណើរទៅកូរ៉េខាងជើងថាសុទ្ធតែជាព័ត៌មានមិនពិត។

កាលពីថ្ងៃចន្ទដើមសប្តាហ៍ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងដែរថា លោកមានសុទិដ្ឋិនិយមអំពីលោកគីម ជុងអ៊ុន ហើយសង្ឃឹមថាលោកមិនអី ប៉ុន្តែលោកមិនបានធ្វើការអត្ថាធិប្បាយលំអិតអ្វីឡើយ។

ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនសូ អាបេ បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានដឹងអំពីការរាយការណ៍អំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងហើយ ហើយថាលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍តទៅទៀត។

កូរ៉េខាងជើងបានលុបចោលកម្មវិធីធំៗជាច្រើន ហើយក៏បានបិទព្រំដែន និងដាក់វិធានការនៅដាច់ដោយឡែកជាកិច្ចប្រឹងប្រែងដើម្បីការពារការរាតត្បាតនៃវីរុសកូវីដ១៩។

ទោះបីជាយ៉ាងណាក៏ដោយ លោក ឆាត អូការ៉ូល នាយកប្រតិបត្តិក្រុមគ្រប់គ្រងហានិភ័យកូរ៉េ KRG ដែលឃ្លាំមើលកូរ៉េខាងជើងបានចោទជាចម្ងល់ថា ប្រសិនបើលោក គីម ជុងអ៊ុន កំពុងលាក់ខ្លួន ដោយសារការភ័យខ្លាចជុំវិញរឿងកូវីដ១៩មែននោះ វាមិនមានអ្វីលំបាកឡើយដែលឲ្យគេបញ្ចេញរូបភាព ឬវីឌីអូលោកគីម ជុនអ៊ុន បង្ហាញថាលោកមានសុខភាពល្អ៕

ប្រភព៖ Reuters ដោយ៖ ចាប មិថុនា