អាមេរិក និងអូស្រ្តាលីបើកកិច្ចពិភាក្សាមួយផ្តោតលើប្រទេសចិន

វ៉ាស៊ីនតោន៖ កាលពីថ្ងៃច័ន្ទ ទី២៧ ខែកក្កដា កន្លងទៅ សហរដ្ឋអាមេរិក និងអូស្រ្តាលីបានបើកកិច្ចចរចាថ្នាក់ខ្ពស់ដើម្បីស្វែងរកការរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
អាមេរិក និងអូស្រ្តាលីបើកកិច្ចពិភាក្សាមួយផ្តោតលើប្រទេសចិន
អាមេរិក និងអូស្រ្តាលីបើកកិច្ចពិភាក្សាមួយផ្តោតលើប្រទេសចិន

រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃប៉ុមប៉េអូ (Mike Pompeo) និងរដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក លោក ម៉ាក អេស្ប៉ឺ (Mark Esper)បានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីម៉ារីស ផេយ៍ន (Marise Payne) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី លីនដា រ៉េណូលដ៍ (Linda Reynolds) សម្រាប់កិច្ចពិភាក្សាសំខាន់រយៈពេលពីរថ្ងៃ។​

កិច្ចពិភាក្សាប្រចាំឆ្នាំធ្វើឡើងនៅពេលរដ្ឋបាលរបស់លោកដូណាល់ត្រាំ ប្រកាន់ជំហរកាន់តែខ្លាំងប្រឆាំង នឹងចិនលើបញ្ហានានាដូចជា វិស័យការពារជាតិ សិទ្ធិមនុស្ស និងពាណិជ្ជកម្មជាដើម។

មិនតែប៉ុណ្ណោះ ថ្មីៗនេះប្រទេសអូស្រ្តាលីបានធ្វើតាមសហរដ្ឋអាមេរិកក្នុងការបដិសេធរាល់សំណើររបស់ទីក្រុងប៉េកាំងក្នុងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងគាំទ្រដល់ការស៊ើបអង្កេតអន្តរជាតិមួយ ដែលដឹកនាំដោយលោក ម៉ៃប៉ុមប៉េអូ ដើម្បីស្វែងរកដើមកំណើតវីរុសកូវីដ១៩ នៅប្រទេសចិនទៀតផង៕

 

ប្រភព៖ CNA ប្រែសម្រួលដោយ៖ កង​ ស្រីលីន