កម្ពុជាប្រកាសពីការហូបចុក-ស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការពីការមកហូបចុក-ស្នាក់ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

 
កម្ពុជាប្រកាសពីការហូបចុក-ស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOC-CAMAPGOC ថា នេះជាការផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យជាកំណត់ត្រាថ្មីមួយ ដោយម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាម៉េរិក ក្នុង១ថ្ងៃៗនោះឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា យើងទាំងអស់គ្នាទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកយកអនុសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃដល់ម្ចាស់ផ្ទះកម្ពុជានោះទេ ពោលគឺប្រតិភូ អត្តពលិកក្នុងបណ្តាប្រទេសទាំងអស់នៃអាស៊ីអាគ្នេយអាចមកហូបចុក-ស្នាក់នៅ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដោយឥតគិតថ្លៃអ្វីទាំងអស់។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «យើងទាំងអស់គ្នាពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ»។

ប្រតិបត្តិករកីឡារូបនេះគូសបញ្ជាក់បន្ថែមថា គ្រប់គណៈកម្មការជំនាញទាំងអស់ទទួលបានអនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយយើងនឹងផ្សព្វផ្សាយជូនដល់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ថា យើងនឹងមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនោះទេ។ ឯកឧត្ដមបានបន្ថែមថា៖ «យើងនឹងផ្តល់ជូនព័ត៌មាននេះដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជាទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុងកិច្ចប្រជុំប្រកបដោយអត្ថន័យ នៅព្រឹកថ្ងៃនេះ។ នេះជាសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះនឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា»។

ជាមួយគ្នានេះ កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់បញ្ហាសំខាន់ៗមួយចំនួនទៀត ដូចជាការបូកសរុបរបាយការណ៍រួម និងសភាពការណ៍បច្ចុប្បន្ន ដើម្បីត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាកិច្ចប្រជុំលម្អិតលើផែនការ និងដោះស្រាយលើកិច្ចការមួយចំនួនដែលនៅសេសសល់។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញបន្ថែមដល់គ្រប់គណៈកម្មការជំនាញទាំងអស់ធ្វើកិច្ចការងារឱ្យមានភាពសកម្ម ទាំងក្នុងពេលត្រៀម និងទាំងក្នុងពេលប្រកួត ជាពិសេសគឺត្រូវមានសាមគ្គភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងពីរជាប្រវត្តិសាស្ត្រសាស្ត្ររបស់កម្ពុជាដំណើរការដោយរលូន និងជោគជ័យផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន