[វីដេអូ] Ep.24 ប្រធានបទ ៖ ជំងឺធ្លាក់ទឹកចិត្តចំពោះស្រ្ដីក្រោយពេលសម្រាលកូន

ជំងឺធ្លាក់ទឹកចិត្តចំពោះស្រ្ដីអាចមានតាំងពីពេលស្ត្រីកំពុងមានទម្ងន់មកម៉្លេះ ឬខ្លះទៀតមានមុនពេលមានទម្ងន់ផងដែរ។

 
[វីដេអូ] Ep.24 ប្រធានបទ ៖ ជំងឺធ្លាក់ទឹកចិត្តចំពោះស្រ្ដីក្រោយពេលសម្រាលកូន

កត្តាប្រឈមដែលបណ្តាលឲ្យស្ត្រីមានជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនមានដូចជា៖

  • ស្ត្រីដែលមានវិបត្តិផ្លូវចិត្តក្នុងអំឡុងពេលទម្ងន់
  • ស្ត្រីធ្លាប់មានប្រវត្តិផ្លូវចិត្តពីមុនមក
  • ស្ត្រីដែលខ្វះការថែទាំឬភាពកក់ក្តៅពីស្វាមីឬគ្រួសារ
  • ស្ត្រីធ្លាប់ឆ្លងកាត់វិបត្តិអំពើហិង្សាក្នុងគ្រួសារ
  • ស្ត្រីធ្លាប់ឆ្លងកាត់នូវជីវិតដ៏លំបាក ។

រោគសញ្ញាដើម្បីសម្គាល់ថាស្ត្រីមានផ្ទៃពោះកំពុងមានជំងឺធ្លាក់ទឹកចិត្តមានដូចជា៖

  • មានអារម្មណ៍ចង់យំ ឬសុខៗយំតែម្តង
  • មានអារម្មណ៍ថាខ្លួនឯងមិនបានការ
  • មានអារម្មណ៍ថាខ្លួនឯងចំណាយពេលវេលាឥតប្រយោជន៍
  • ថប់អារម្មណ៍
  • ពេលយប់គេងមិនលក់ ប៉ុន្តែងងុយគេងពេលថ្ងៃ
  • មិនទុកចិត្តអ្នកណាម្នាក់នៅជុំវិញខ្លួន
  • មិនមានការផ្ចង់អារម្មណ៍។ល។

ប្រសិនបើរោគសញ្ញាបែបនេះមិនអាចជាដោយខ្លួនឯងក្នុងរយៈពេល ១៥ថ្ងៃនោះទេអាចចាប់ទុកថាអ្នកម្តាយមានជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលហើយ។ ដូច្នេះស្រ្តីនិងក្រុមគ្រួសារគួរតែទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់អំពីបញ្ហាផ្សេងៗ។

ការធ្វើរោគវិនិច្ឆ័យ៖

  • ស្ត្រីគួរលើកទឹកចិត្តខ្លួនឯងព្រោះមិនមែនមានតែខ្លូនឯងម្នាក់ទេដែលកើតនូវជំងឺនេះ
  • ត្រូវគិតថាវាជាច្បាប់ធម្មជាតិដែលកើតឡើងដោយសារប្រែប្រួលអ័រម៉ូន
  • ត្រូវចេះសម្រួលអារម្មណ៍ក្នុងការមើលថែទាំកូនឲ្យបានល្អ
  • កុំខឹង កុំអន់ចិត្តនឹងខ្លួនឯង ព្រោះមិនមែនជាកំហុសរបស់យើងឡើយ
  • គេងឲ្យបានគ្រប់គ្រាន់
  • ញុំាអាហារដែលមានសុខភាពល្អ
  • គ្រួសារពុំគួរដាក់សំពាធឬបង្ខំស្រ្តីធ្វើការងារធ្ងន់ៗឡើយ
  • គ្រួសារគួរលើកទឹកចិត្ត និងចំណាយពេលវេលាឲ្យបានច្រើន ។

គួររម្លឹកថា ប្រសិនបើស្ត្រីកំពុងមានជំងឺធ្លាក់ទឹកចិត្តក្នុងអំឡុងពេលមានផ្ទៃគឺអាចនាំឲ្យមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃ។

របបអាហារដែលស្ត្រីគួរបរិភោគក្រោយពេលសម្រាលមានដូចជា៖

  • ញុំាបន្លែបៃតងឲ្យបានច្រើនដើម្បីឲ្យពោះវៀនដើរបានស្រួល
  • អាហារសម្បូរជាតិដែក ប្រូតេអ៊ីន វីតាមីន កាល់ស្យូម (ថ្លើមជ្រូក, គ្រាប់សណ្តែកស, ទឹកដោះគោឆៅ...)
  • ពិសាទឹកឲ្យបានគ្រប់គ្រាន់
  • កុំពិសារប្រៃពេក ហឹលពេក និងក្រៀមក្រោះ
  • ជៀសវាងការពិសារគ្រឿងស្រវឹង។

ជាចុងក្រោយសូមអ្នកម្តាយគ្រប់រូបគួរធ្វើចិត្តខ្លួនឯងឲ្យល្អ កុំគិតច្រើន ធ្វើរឿងល្អៗដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត ហើយមានសុខភាពល្អទាំងខ្លួនឯងនឹងទារកក្នុងផ្ទៃ។ ចំណែកស្វាមីគួរចំណាយពេលនៅជាមួយភរិយាឲ្យបានច្រើនលើកទឹកចិត្តភរិយាឲ្យគាត់មានសុខភាពហើយកុំឲ្យគាត់គិតច្រើន៕

សូមទស្សនាវីដេអូ៖