ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានហក់ឡើងកម្តៅជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់
ស្ថានភាពនៅតំបន់អាស៊ីបូព៌ាវិញម្តង ភាពតានតឹងនៅឧបទ្វីបកូរ៉េបានហក់ឡើងកម្តៅជាថ្មី បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបន្តធ្វើការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ចុងក្រោយ កូរ៉េខាងជើងបានបាញ់បង្ហោះអាវុធយុទ្ធសាស្ត្រមួយទៀត ដែលត្រូវបានរកឃើញដោយប្រព័ន្ធការពាររបស់កូរ៉េខាងត្បូង កាលពីថ្ងៃម្សិលមិញនេះ។ សកម្មភាពនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបាញ់បង្ហោះលើកមុន ដែលសកម្មភាពផ្ទួនៗគ្នានេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ទីក្រុងព្យុងយ៉ាង ក្នុងការបំបាត់រាល់ក្តីសង្ឃឹមរបស់ទីក្រុងសេអ៊ូល ដែលចង់ឃើញភាពធូរស្រាលនៃភាពតានតឹងក្នុងតំបន់។
អ្នកវិភាគយោធាបានលើកឡើងថា ការបាញ់សាកល្បងនេះ គឺជាសារព្រមានយ៉ាងខ្លាំងក្លាមួយទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការយោធារួមគ្នា។ កូរ៉េខាងជើងហាក់ដូចជាចង់បញ្ជាក់ថា ខ្លួននឹងមិនថយក្រោយឡើយ ហើយនឹងបន្តអភិវឌ្ឍសមត្ថភាពអាវុធរបស់ខ្លួន ទោះបីជាមានការដាក់ទណ្ឌកម្មអន្តរជាតិក៏ដោយ។
សម្រាប់រដ្ឋាភិបាលទីក្រុងសេអ៊ូល សកម្មភាពឌឺដងនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកសន្តិភាព ហាក់ដូចជាកំពុងជួបផ្លូវទាល់។ បច្ចុប្បន្ន កងទ័ពកូរ៉េខាងត្បូងបានបង្កើនការត្រៀមលក្ខណៈខ្ពស់បំផុត និងកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពយោធារបស់ភាគីខាងជើង ដើម្បីត្រៀមឆ្លើយតបចំពោះការបង្កហេតុណាមួយដែលអាចកើតមាន៕
ប្រភព៖ South China Morning Post


















