ដ្រូនសមុទ្រ របស់អ៊ុយក្រែន វាយប្រហារចំគោលដៅលើនាវាដឹកប្រេងរបស់រុស្ស៊ីចំនួន ២ គ្រឿង

ស្ថានការណ៍សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែមានភាពក្តៅគគុកនៅក្នុងដែនទឹក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសពីជោគជ័យថ្មីមួយក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងមូស្គូ។

 
ដ្រូនសមុទ្រ របស់អ៊ុយក្រែន វាយប្រហារចំគោលដៅលើនាវាដឹកប្រេងរបស់រុស្ស៊ីចំនួន ២ គ្រឿង

កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញនេះ លោក ហ្សេឡេនស្គី បានបញ្ជាក់ថា ដ្រូនសមុទ្ររបស់អ៊ុយក្រែន បានវាយប្រហារចំគោលដៅលើនាវាដឹកប្រេងរុស្ស៊ីចំនួន ២ គ្រឿង នៅក្បែរច្រកចូលកំពង់ផែ ណូវ៉ូរ៉ូស៊ីស (Novorossiysk) ដែលជាកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់ក្នុងសមុទ្រខ្មៅ។
លោកប្រធានាធិបតីបានហៅនាវាទាំងនេះថាជាផ្នែកនៃហ្វូងនាវាស្រមោលរបស់រុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្សេឡេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា៖"នាវាទាំងនេះធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងសកម្មសម្រាប់ដឹកជញ្ជូនប្រេង ប៉ុន្តែចាប់ពីពេលនេះទៅ ពួកវាមិនអាចធ្វើបែបនោះបានទៀតឡើយ។"
សូមជម្រាបថា ការវាយប្រហារនេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងគីវ ដែលហៅថា «ទណ្ឌកម្មដោយកម្លាំងបាយ» ។ គោលដៅគឺដើម្បីកាត់ផ្តាច់ប្រភពចំណូលដ៏ធំរបស់រុស្ស៊ី ដែលបានមកពីការលក់ប្រេងសម្រាប់យកទៅផ្គត់ផ្គង់កងទ័ពក្នុងសង្គ្រាម។ ក្រៅពីការវាយប្រហារនៅសមុទ្រខ្មៅ អ៊ុយក្រែនក៏បានវាយប្រហារលើកំពង់ផែប្រេង ព្រីម័រក៍ (Primorsk) ក្នុងសមុទ្របាល់ទិកផងដែរ ដើម្បីបង្ហាញពីសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែខ្លាំងរបស់ខ្លួន។
ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន សហការជាមួយកងកម្លាំងសន្តិសុខ និងកងទ័ពជើងទឹក។ ទោះជាយ៉ាងណា ខាងភាគីរុស្ស៊ីមិនទាន់បានចេញមុខបញ្ជាក់ពីកម្រិតនៃការខូចខាតធ្ងន់ធ្ងរប៉ុណ្ណានោះទេ ខណៈដែលអ្នកជំនាញបារម្ភថា ការកើនឡើងនៃជម្លោះលើផ្លូវទឹកនេះ អាចធ្វើឱ្យតម្លៃប្រេងពិភពលោកមានការប្រែប្រួល។
អ៊ុយក្រែនបានប្តេជ្ញាថា នឹងបន្តអភិវឌ្ឍសមត្ថភាពដ្រូនរបស់ខ្លួន ទាំងលើអាកាស និងក្នុងទឹក ដើម្បីបន្តរំខានដល់ខ្សែសង្វាក់សេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ីបន្ថែមទៀត៕

Ukraine hits tankers in Black Sea in escalation against Russia

ប្រភព​​៖Aljazeera