កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនមិនអាចឃាត់អាមេរិកក្នុងការដកអាវុធទៅកាន់មជ្ឈិមបូព៌ាបានឡើយ ចំពេលមានក្តីបារម្ភពីសន្តិសុខតំបន់

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-myung) កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦បានថ្លែងថា ប្រទេសកូរ៉េខាងត្បូង មិនអាចរារាំងសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរទីតាំងអាវុធយុទ្ធសាស្ត្រមួយចំនួនចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ក្នុងជម្លោះនៅមជ្ឈិមបូព៌ានោះទេ។

 
កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនមិនអាចឃាត់អាមេរិកក្នុងការដកអាវុធទៅកាន់មជ្ឈិមបូព៌ាបានឡើយ ចំពេលមានក្តីបារម្ភពីសន្តិសុខតំបន់

ការថ្លែងបែបនេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក កំពុងត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

ទោះបីជាមានការសម្តែងការមិនពេញចិត្តពីសំណាក់ទីក្រុងសេអ៊ូលក៏ដោយ ក៏លោកប្រធានាធិបតី លី ជេម្យុង បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមិនស្ថិតក្នុងឋានៈដែលអាចទាមទារឱ្យអាមេរិកបញ្ឈប់សកម្មភាពនេះបានឡើយ។ ទោះជាយ៉ាងណា លោកបានធានាដល់ប្រជាពលរដ្ឋថា ការដកអាវុធមួយចំនួននេះ នឹងមិនប៉ះពាល់ដល់យុទ្ធសាស្ត្រទប់ទល់ជាមួយកូរ៉េខាងជើងនោះទេ ដោយសារតែកូរ៉េខាងត្បូងខ្លួនឯង មានសមត្ថភាពយោធាខ្លាំងក្លាគ្រប់គ្រាន់ក្នុងការការពារខ្លួន។

អ្នកវិភាគយោធាមួយចំនួនបានសម្តែងក្តីបារម្ភថា ការដកចេញនូវគ្រាប់មីស៊ីល និងនាវាចម្បាំងរបស់អាមេរិកពីតំបន់អាស៊ី ដើម្បីទៅជួយនៅមជ្ឈិមបូព៌ា អាចបង្កើតឱ្យមាន «ចន្លោះប្រហោងនៃប្រព័ន្ធការពារ» នៅក្នុងតំបន់។ ពួកគេបារម្ភថា កូរ៉េខាងជើងអាចនឹងឆ្លៀតឱកាសនេះធ្វើការឌឺដង ឬបង្កហេតុផ្សេងៗ ដើម្បីសាកល្បងកម្លាំងការពាររបស់សម្ព័ន្ធមិត្តទាំងពីរ។

គួររំលឹកផងដែរថា មិនមែនមានតែនៅកូរ៉េខាងត្បូងនោះទេ សូម្បីតែនាវាចម្បាំងបំពាក់មីស៊ីលរបស់អាមេរិកចំនួន ២ គ្រឿង ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក៏ត្រូវបានបញ្ជូនទៅកាន់សមុទ្រអារ៉ាប់ ដើម្បីគាំទ្រប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។ ស្ថានភាពនេះកំពុងធ្វើឱ្យពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើអាមេរិកនឹងបែងចែកកម្លាំងយោធារបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីរក្សាតុល្យភាពសន្តិសុខទាំងនៅអាស៊ី និងមជ្ឈិមបូព៌ា៕





ប្រភព៖ CNA