លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមយកសំណាកឱ្យបានគ្រប់ៗគ្នា ព្រោះគ្មានបុគ្គលណាមកឈឺជំនួស ឬប្រឈមមុខនឹងផ្លូវច្បាប់ជំនួសបងប្អូននោះទេ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវដ៏ទទូចឱ្យក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សហការចូលរួមយកសំណាកឱ្យបានគ្រប់ៗគ្នា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កាន់តែធ្ងន់ធ្ងរជាងនេះ ព្រោះគ្មានបុគ្គលណាមួយមកឈឺជំនួស ឬប្រឈមមុខនឹងផ្លូវច្បាប់ជំនួសបងប្អូននោះទេ។

 
លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមយកសំណាកឱ្យបានគ្រប់ៗគ្នា ព្រោះគ្មានបុគ្គលណាមកឈឺជំនួស ឬប្រឈមមុខនឹងផ្លូវច្បាប់ជំនួសបងប្អូននោះទេ

លោកជំទាវ បានគូសបញ្ជាក់ថា ៖ “វីរុសកូវីដ-១៩ ពពួកបំប្លែងអូមីក្រុងនេះ ការឆ្លងរបស់វាលឿនណាស់ ហើយគ្មានព្រំដែនកំណត់នោះទេ។ ដូច្នេះហើយ បុគ្គលគ្រប់រូបដែលមិនបានអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ បុគ្គលទាំងនោះនឹងមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងវីរុសកូវីដ-១៩ ហើយនឹងបន្តចម្លងវីរុសនេះទៅក្រុមគ្រួសារ និងសហគមន៍រស់នៅបន្ថែមទៀត”។

ជាមួយគ្នានេះផងដែរ លោកជំទាវ បានបន្ថែមថាចំណុចដែលចាំបាច់បំផុតនោះគឺ បុគ្គលគ្រប់រូបមិនថាក្រុមណាជាក្រុមណា ដែលបានពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវតែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការយកសំណាក ការធ្វើចត្តាឡីស័ក រួមជាមួយនឹងការអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានម៉ត់ចត់ជាទីបំផុត។

ដោយឡែក សម្រាប់ក្រុមដែលឆ្លៀតឱកាសដើម្បីបង្កបញ្ហាក្នុងការគ្រប់គ្រង ការឆ្លើយតបផ្សេងៗទៅនឹងវីរុសកូវីដ-១៩ របស់ក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយមិនត្រូវប្រើប្រាស់បញ្ហានេះដើម្បីកេងចំណេញផលប្រយោជន៍បុគ្គល ក្រុមខ្លួន ឬផលប្រយោជន៍នយោបាយនោះទេ ព្រោះថាបញ្ហាកូវីដ-១៩នេះ វាប៉ះពាល់ទៅដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកជំទាវបានសង្កត់ធ្ងន់ថា ៖

សូមបងប្អូនត្រូវគិតឱ្យបានច្បាស់ចំពោះបញ្ហានេះ ការរកឃើញករណីវិជ្ជមានកាន់តែលឿនគឺជាការប្រសើរសម្រាប់បុគ្គលគ្រប់រូប ដែលនឹងទទួលការព្យាបាលបានត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល តាមស្តង់ដាបច្ចេកទេស ហើយក៏ជួយបងប្អូនពីការចម្លងទៅក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ និងសហគមន៍រស់នៅជាដើម។

គិតមកត្រឹមថ្ងៃម្សិលមិញនេះ ក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហា្គវើលដ៍ប្រមាណ ៤០នាក់ហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩៕

 

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន