ជប៉ុនផ្តល់ថវិកាជាង៥០ម៉ឺនដុល្លារ ដល់ខេត្តចំនួនពីរ សម្រាប់អនុវត្តគម្រោងផ្នែកសង្គមកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុប៥០៦.៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយ សម្បទា ក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

 
ជប៉ុនផ្តល់ថវិកាជាង៥០ម៉ឺនដុល្លារ ដល់ខេត្តចំនួនពីរ សម្រាប់អនុវត្តគម្រោងផ្នែកសង្គមកិច្ច

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាកាលពីរសៀលនៅថ្ងៃទី៨ ខែធ្នូ នាស្ថានទូតជប៉ុននៅក្នុងរាជធានីភ្នំពេញ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។

ជំនួយនេះ ត្រូវបានបែងចែក សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត និងសាងសង់អគារស្នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តតាកែវ ជាង១៦ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ដំឡើងឧបករណ៍ចំនួន១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា និងសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករេចរឹលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។

ចំណែក ថវិកាជាង៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ស្របពេលមន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។ តាមរយៈគម្រោងនេះ ស្ថានទូតជប៉ុនរំពឹងថា មន្ទីរពេទ្យអាចផ្តល់កន្លែងស្នាក់ដែលសមរម្យជាងមុនសម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការការព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។

ចាប់តាំងពីឆ្នំា១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦៥លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន៦៦៩គម្រោងនៅទូទាំងប្រទេសកម្ពុជា ដោយផ្តោតទិសដៅដល់ការការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕

ប្រភព៖ ក្រសួងព័ត៌មាន