ក្រសួងកសិកម្មចេញសេចក្ដីប្រកាស ផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញ ឬចូល ក្រោយផ្ទុះករណីជំងឺផ្តាសាយបក្សីនៅខេត្តបាត់ដំបង
ក្រសួងកសិកម្មបានចេញផ្សាយនូវសេចក្ដីប្រកាសមួយ តម្រូវឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វចាត់វិធានការ បសុព្យាបាលនៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សី ដោយបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺ តាមវិធាន បច្ចេកទេសបសុពេទ្យ និងផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញ ចូលឬឆ្លងកាត់ ក្នុងរង្វង់ ៣គីឡូម៉ែត្រជុំវិញកន្លែងផ្ទុះជំងឺ។
ក្នុងការប្រកាសតំបន់ជំងឺផ្តាសាយបក្សី កាលពីរសៀលថ្ងៃទី១២ខែមករា អាជ្ញាធរខេត្តនិងមន្រ្តីជំនាញបានបំផ្លាញចោលនូវសត្វទាកាប៉ា និងក្ងានជិត ២០០ក្បាលបន្ថែមទៀត ក្រោយផ្ទុះករណីជំងឺផ្តាសាយបក្សីបណ្តាលឱ្យងាប់សត្វមាន់ចំនួន ១៨០០ក្បាលនៅក្នុងទីតាំងចិញ្ចឹមក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានម្ចាស់ឈ្មោះ ហូ ណាម ជាមន្រ្តីសុខាភិបាលផងដែរនោះ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនៅក្នុងការចុះប្រកាសកំណត់តំបន់ជំងឺផ្តាសាយបក្សីបានបញ្ជាក់ឱ្យដឹងថា÷ យើងបានសម្រេចបំផ្លាញកប់ចោលនូវសត្វទាកាប៉ាចំនួន ១៧៨ ក្បាល និងសត្វក្ងានចំនួន ១២ក្បាលបន្ថែមទៀតដើម្បីការពារការរីករាលដាលនូវជំងឺខាងលើនេះទៅដល់បណ្តាកន្លែងចិញ្ចឹម ឬកសិដ្ឋានដែល នៅតំបន់ក្បែរគ្នាផ្សេងទៀត។
លោក ឈឹម វជិរ៉ាប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងឱ្យដឹងថាការបើកឱ្យទិញ លក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញ ចូល ឡើងវិញបានដរាបណាមានការប្រកាសរំសាយតំបន់ជំងឺជាថ្មីក្រោយពេលស្ងប់ស្ងាត់លែងកើតមាននូវករណីជំងឺផ្តាសាយបក្សី H5N1ក្នុងតំបន់ដែលបានកំណត់ខាងលើ៕
ប្រភព: ក្រសួងព័ត៌មាន