ឯកឧត្តម អ៊ុន ចាន់ដា អះអាងថានៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា នៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារក្នុង មនុស្សម្នាក់។

 
ឯកឧត្តម អ៊ុន ចាន់ដា អះអាងថានៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់


 

ការថ្លែងបែបនេះក្នុងកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយ ប្រសិទ្ធភាព។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្អែកតាមផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់​ បានរៀបចំ និងអនុវត្តនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀត ពោលគឺបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង៕












ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម