កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុស Covid-19 និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ។

 
កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុស Covid-19 និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ

នៅក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជា ចម្បងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្របគ្នាក្នុងពេលតែមួយ។

ភាគីទាំងពីរ មានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានាបណ្ដាលមកពីជំងឺរាត ត្បាតសកលកូវីដ-១៩ មិត្ត ភាពជាប្រពៃណី និងទំនាក់ ទំនងជិតស្និទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបន្តរីកលូតលាស់លើគ្រប់វិស័យរួមមាននយោបាយ និងសន្តិសុខ ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌  ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

បន្ថែមពីនេះសហប្រធានទាំងពីរ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំង ពីរ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតី នៃភាព ជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿទុកចិត្ត ការយោគយល់គ្នា និងការគោរពគ្នាទៅវិញ ទៅមក។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារជំងឺរីករាល ដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈ ពេល៧ខែក្នុងឆ្នាំ២០២១។

សូមជម្រាបថា កម្ពុជា និង វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី ៨នៅឆ្នាំ២០២៣ នៅកម្ពុជា៕

សូមចុច join Telegram https://t.me/cngtvcambodia

 

ប្រភព៖ Ministry of Foreign Affairs and International Cooperation - Cambodia