ឯកឧត្តម ឃួង ស្រេង៖ JICA មិនត្រឹមតែជួយកសាងប្រព័ន្ធលូបង្ហូរទឹកការពារទឹកជំនន់ប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុន នឹងបង្ហូរទឹកចូលទៅក្នុងទន្លេ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹក ដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀតផង។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈទទួលជួបសម្ដែងការគួរសម ជាមួយលោក ស៊ូហ្កាណូ យូអ៊ីឈី (Mr.SUGA NOYuichi) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អាណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៣ វិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញកាលពីម្សិលមិញ ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសហការជាមួយលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA ) គ្រប់ពេលវេលា ហើយឯកឧត្តមសង្ឃឹមថា កិច្ចប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA នឹងកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
លោក ស៊ូហ្កាណូ យូអ៊ីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA ) បញ្ចប់អាណត្តិ JICA បានមានប្រសាសន៍ថា ក្នុងអាណត្តិជាង៣ឆ្នាំដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ JICA បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ JICA បាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ដែល គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។
លោក ស៊ូហ្កាណូ យូអ៊ីឈី បានបន្តថា ជាទិសដៅរបស់ JICA និងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរនៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀប ចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ ការរៀបចំនគរូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម។ ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន តែលោកនៅតែបន្តជួយរាជធានីភ្នំពេញ បន្ថែមទៀត តាមរយៈលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន(JICA ) ។
រដ្ឋបាលរាជធានីភំ្នពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយដល់រដ្ឋបាលរាជធានីភំ្នពេញទាំងបច្ចេកទេស ទាំងសម្ភារ និងជំនួយជាថវិកាជាដើម៕
ប្រភព: ក្រសួងព័ត៌មាន