លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប លើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលសាលា និងអាណាព្យាបាលត្រូវរួមគ្នាធ្វើ ដើម្បីជំរុញគុណភាពអប់រំឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន

ភ្នំពេញ៖ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប ក្នុងកិច្ចពិភាក្សាជាមួយលោក ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាក្រុមហ៊ុន បានឆ្លុះបញ្ចាំងបន្ថែមជុំវិញបញ្ហាប្រឈមនៃសិក្សាដែលបង្កដោយវីរុសកូវីដ១៩ ដោយបានលើកឡើងយ៉ាងដូច្នេះថា ក្រៅពីការបញ្ចុះតម្លៃ សាលារៀន គ្រូបង្រៀនប្រឹងប្រែងយ៉ាងខ្លាំង និងចំណាយយ៉ាងច្រើនដើម្បីផលិតមេរៀន និងបង្រៀនសិស្សតាមមធ្យោបាយ និងវិធីសាស្រ្តចម្រុះដ៏សម្បូរបែប តែទោះជាយ៉ាងណាផលលំបាករបស់អាណាព្យាបាលក៏នៅតែមាន។

 
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប លើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលសាលា និងអាណាព្យាបាលត្រូវរួមគ្នាធ្វើ ដើម្បីជំរុញគុណភាពអប់រំឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន

ជាមួយគ្នានេះ តាមកិច្ចពិភាក្សា លោកបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលសាលា និងអាណាព្យាបាលត្រូវរួមគ្នាធ្វើ ដើម្បីជំនះឧបសគ្គ និងបញ្ហានានាដែលបង្កដោយវីរុសកូវីដ១៩នេះ ដើម្បីជំរុញគុណភាពអប់រំយើងឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន៖

  1. មានឧបករណ៍ សម្ភារសមស្របគ្រប់គ្រាន់សម្រាប់សិស្សរៀនអនឡាញ។
  2. មានកម្មវិធីសិក្សាជាក់លាក់សម្រាប់សិស្សដែលអាចធ្វើស្វ័យសិក្សាបាន។
  3. សម្រាប់កុមារតូច ត្រូវបត់បែនកាលវិភាគបង្រៀនតាមពេលទំនេររបស់អ្នកអាណាព្យាបាលដែលរវល់ធ្វើការ និងប្រាស្រ័យទាក់ទងគ្នាឲ្យបានយល់ច្បាស់ពីចំណុចសិក្សាប្រចាំថ្ងៃ និងសប្តាហ៍ជាមួយអាណាព្យាបាលដើម្បីជួយបង្រៀនចំណុចសិក្សានោះបន្ថែម។
  4. អាណាព្យាបាលត្រូវចេះ និងដឹងច្បាស់ពីរបៀបប្រើបច្ចេកវិទ្យាបង្រៀន និងវេទិកាដែលរក្សាទុកខ្លឹមសារមេរៀនដែលអ្នកអាណាព្យាបាលអាចចូលទៅមើល និងទាញយកមកបង្រៀនកូនបន្ថែមពេលទំនេរ (WEG Education YouTube Channel & WEG Education TV)
  5. បង្កើតគោលការណ៍ និងវិន័យស្វ័យសិក្សា និងស្តង់ដាបរិដ្ឋានសិក្សាសម្រាប់សិស្សដែលគ្រូ និងអ្នកអាណាព្យាបាលយល់រួមគ្នា និងតាមដានការសិក្សា។
  6. បង្កើតថ្នាក់រៀនឌីជីថល ដែលសិស្សអាចរៀនដោយមើលវីដេអូ មើលអត្ថបទ ធ្វើលំហាត ពិភាគ្សាជាក្រុម ជាមួយគ្រូ ប្រលង និងទទួលសញ្ញាបត្របានតាមអនឡាញ។ បណ្តាញសាលារៀន Westline Education Group Co., Ltd. នឹងមាន Digital Classroom នេះ ពីពាក់កណ្តាលខែ៥ទៅ។
  7. គ្រូបង្រៀន និងអ្នកអាណាព្យាបាលត្រូវមានអំណត់ យល់យោគគ្នា ខិតខំរៀនពីមធ្យោបាយ និងវេទិកាសិក្សាអនឡាញនេះដែរ ដោយសារយើងមិនមែនត្រូវការវាតែអំឡុងពេលវិបត្តិកូវីដ១៩ទេ។ វាជាអនាគតនៃប្រព័ន្ធអប់រំរបស់យើងពីពេលនេះ ទៅថ្ងៃក្រោយ (Digital Classroom, Online Learning, Blended Learning, EdTech)
  8. កូវីដជារឿងបណ្តោះអាសន្ន  ការរៀនអនឡាញជានិន្នាការថ្មីក្នុងការសិក្សា  ភាពជាដៃគូក្នុងការអប់រំរវាងសាលានិងអ្នកអាណាព្យាបាលជារឿងអចិន្ត្រៃយ៍។

សូមរម្លឹកផងដែរថា រហូតមកទល់ពេលនេះ មានវីឌីអូប្រមាណជាង ១៥០០ កំពុងត្រូវបានផលិតបន្ថែមដើម្បីបង្រៀនសិក្សានុសិស្ស រួមជាមួយកម្មវិធីសិក្សាដ៏សម្បូរបែបជាច្រើនទៀត តាមរយៈប្រព័ន្ធអេឡិចត្រូនិច E-Learning របស់សាលាវ៉េស្ទឡាញន៍។

លោក ប៉ិច បូឡែន ក៏បានបញ្ជាក់ផងដែរថា "បណ្តាញសាលារៀនយើងទាំងអស់កំពុងអនុវត្ត និងអភិវឌ្ឍបន្ថែមចំណុចទាំងអស់នេះ ដើម្បីជំរុញគុណភាពអប់រំយើងឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន"៕

ដោយ៖ ជា បញ្ញា