ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធដាក់ចេញផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីរក្សាសោភ័ណភាពទីក្រុង និងសុខុមាលភាពប្រជាពលរដ្ឋ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងនានា របស់អគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្តឱ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវសោភណភាពទីក្រុងបៃតង និងភាពទាក់ទាញ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ទាំងបីស្ថានីយដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវ ពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារ អនុវត្តផ្ទាល់ និងសហការគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវ សោភណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕