ការប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សេបៃហ្សង់បានសម្លាប់មនុស្សយ៉ាងតិច២៣នាក់ និងជាង១០០នាក់ទៀតរងរបួស

បាគូ៖ កងទ័ព និងជនស៊ីវិលយ៉ាងហោចណាស់២៣នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួសក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអាមេនី និងអាហ្សេបៃហ្សង់ នៅតំបន់ដែលធ្លាប់មានជម្លោះរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

 
ការប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សេបៃហ្សង់បានសម្លាប់មនុស្សយ៉ាងតិច២៣នាក់ និងជាង១០០នាក់ទៀតរងរបួស

ការប៉ះទង្គិចរវាងប្រទេសដែលធ្លាប់ស្ថិតក្រោមគ្រប់គ្រងរបស់រុស្ស៊ីទាំងពីរនេះ កំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាច្រើន ដោយសារតំបន់ដែលមានជម្លោះ គឺស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ទៅទីផ្សារអន្តរជាតិ។

បន្ទាប់ពីអាហ្សេបៃហ្សង់វាយប្រហារតាមផ្លូវអាកាស និងផ្លោងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សយ៉ាងតិច២៣នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួស។ ប្រទេសទាំងពីរថែមទាំងប្រកាសច្បាប់អាជ្ញាសឹករៀងៗខ្លួន ហើយប្រមូលប្រជាជនប្រុសៗថែមទៀតផង។

សង្រ្គាមរវាងប្រទេសទាំងពីរកើតឡើងដំបូងនៅឆ្នាំ១៩៩០ ក្នុងតំបន់ណាហ្គរណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយស្ថិតក្នុងប្រទេសអាហ្សេបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិដើមអាមេនី។

យ៉ាងណាមិញ ប្រទេសរុស្ស៊ីបានអំពាវនាវឲ្យអាមេនី និងអាហ្សេបៃហ្សង់បញ្ចប់ជម្លោះ និងឈប់បង្កភាពតានតឹងជាបន្ទាន់ ខណៈប្រទេសតួកគីឯណោះវិញបានឲ្យដឹងថា គេនឹងគាំទ្រប្រទេសអាហ្សេបៃហ្សង់ពេញទំហឹង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ