វាគ្មិនកិត្តិយសជាច្រើនរូបអញ្ជើញមកពីវិស័យផ្សេងៗគ្នាបានចែករំលែកចំណេះដឹង និងបទសោធន៍លើវិធីសាសស្រ្តបង្រៀនក្នុងគន្លងបរិបទថ្មី តាមរយៈសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអនឡាញស្តីពី “ផ្នត់គំនិត និងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី”
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានមានប្រសាសន៍ថា សន្និបាត និងសិក្ខាសាលាអប់រំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលការងាររបស់សហព័ន្ធក្នុងឆ្នាំ២០២១ និងអញ្ជើញវាគ្មិនក្នុងក្រុមប្រឹក្សាសហព័ន្ធ និងវាគ្មិនមកពីវិស័យនានា ដើម្បីចែករំលែកចំណេះដឹងពីការវិវឌ្ឍថ្មីៗនៃវិស័យអប់រំនៅកម្ពុជា វិធីសាស្រ្តបង្រៀននិងរៀនក្នុងគន្លងបរិបទថ្មី មុខជំនាញសិក្សានិងជំនាញវិជ្ជាជីវៈសម្រាប់តម្រូវការទីផ្សារការងារនៅកម្ពុជានៅបច្ចុប្បន្ននិងអនាគត ព្រមទាំងគុណប្រយោជន៍នៃការបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យអប់រំជាដើម។
ឧកញ៉ាក៏បានលើកទិសដៅសកម្មភាពឆ្នាំ២០២២របស់សហព័ន្ធ ដោយផ្តោតលើយុទ្ធសាស្ត្រ៣សំខាន់រួមមាន កិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការលើកកម្ពស់កិច្ចសហការប្រតិបត្តិការនិងការគាំទ្រដល់សមាជិក និងការបន្តកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាមួយស្ថាប័នជាតិ តំបន់ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ការរៀបចំឱ្យមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំចម្រុះវិស័យ គាំទ្រយុទ្ធសាស្ត្ររបស់សហព័ន្ធ និងការរៀបឱ្យមានសិក្ខាសាលាអប់រំនេះឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមក៏បានបង្ហាញការទទួលស្គាល់ចំពោះវិស័យឯកជនក្នុងការជួយជំរុញដល់វិស័យអប់រំនៅកម្ពុជាលើការបង្កើតប្រពន័្ធគ្រប់គ្រងការសិក្សា(LMS) និងប្រព័ន្ធគ្រប់គ្រងសាលារៀនជាដើម។
លោក William McIntyre (Bill) និងលោក ឌុក នីនជាអ្នកជំនាញអប់រំលើកម្មវិធីសិក្សា Leader in Meនៃវិទ្យាស្ថានFranklin Covey Education បានលើកឡើងពីការអប់រំនៅក្នុងបរិបទគន្លងថ្មី និងតាមបែបសតវត្សរ៍ទី២១ គឺត្រូវបានផ្តោតសំខាន់ទៅលើការកសាងចរិតលក្ខណៈរបស់សិស្ស និងការបំពាក់នូវជំនាញសតវត្សរ៍ទី២១ ដោយមិនផ្អែកតែទៅលើផ្នែកសិក្សាធិការមួយមុខទេ តែត្រូវរួមបញ្ចូលទាំងការអប់រំវប្បធម៌ និងភាពជាអ្នកដឹកនាំផង។
អង្គសិក្ខាសាលាបានលើកយកពីការតួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ នវានុវត្តន៍និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចក្ខុវិស័យនិងយុទ្ធសាស្រ្តនៃការអប់រំកុមារតូច តួនាទីនិងកិច្ចសហការគ្នារវាងអ្នកអាណាព្យាបាលនិងសាលារៀន របៀបអភិវឌ្ឍចរិតបុគ្គលដើម្បីជោគជ័យក្នុងជីវិត វិស័យអប់រំក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈកម្មវិធីទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំនៅកម្ពុជា។
សូមជម្រាបថាសិក្ខាសាលានេះ រៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា សហការវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ព្រមទាំងមានការចូលរួមឧបត្ថម្ភពីបណ្តាសាលារៀន និងក្រុមហ៊ុនដៃគូជាច្រើនទៀត៕