សិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាបាត់ដំបងត្រូវបានចាត់តាំងជាក្រុមតំណាងខេត្តក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២២
យោងតាមលិខិតឧទ្ទេសនាមចេញដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានបញ្ជាក់ថា សិស្សមកពីសាលារៀនវ៉េស្ទឡាញន៍ សាខាបាត់ដំបងចំនួន៩នាក់ រួមនឹងគ្រូដឹកនាំ១នាក់ ត្រូវបានចាត់តាំងឱ្យចូលរួមកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ដែលរៀបចំឡើងដោយនាយកដ្ឋាន យុវជន បាប់ពីថ្ងៃ២៧ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ។
ក្នុងលិខិតឧទ្ទេសនាមមានលោក លឹម រ៉ាវីដ ជាគ្រូដឹកនាំ និងយុវសិស្សឈ្មោះ គង់ ជូលី, ឡ គីមហ៊ាង, រិទ្ធថា ជាលីញ, សុគន្ធ ស្រីពេជ្រ, ហាក់ ស្រីនូ, ញ៉ែម ស្រីហ៊ន, ងួន ម៉ីជីញ, គៀង ជួយស៊ីវ, និង អេង គីមហ៊ាង។
គួររំលឹកថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ បានរៀបចំ និងបញ្ចូលកម្មវិធីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីទម្លាប់ល្អទាំង៧ និងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាពចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ក្នុងទិសដៅបញ្ជៀបបំណិនជីវិតក្នុងសតវត្សទី២១ ដល់សិស្សានុសិស្ស ក៏ដូចជាស្របទៅនឹងបដិវត្តឧស្សាហ៍កម្ម៤.០ ។ ហើយពួកគេអាចមានសមត្ថភាពប្រើប្រាស់ជំនាញសម្រាប់ប្រកបអាជីវកម្ម ឬចាប់យកជំនាញណាមួយសម្រាប់ចិញ្ចឹមជីវិតនៅពេលបញ្ចប់ថា្នក់ទី១២។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ WEG បង្កើតឡើងដោយកូនខ្មែរក្រុមជាមិត្តវិទ្យាល័យ ក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ WEG មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១ ២០០នាក់៕