ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin ពង្រឹងកិច្ចសហការលើស្តង់ដាម៉ាស៊ីនត្រជាក់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Daikin និងពិភាក្សាការពង្រីកកិច្ចសហការលើស្តង់ដាឧស្សាហកម្ម ទាក់ទងនឹងប្រសិទ្ធភាពថាមពល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប្រព័ន្ធខ្យល់-ក្តៅ-ត្រជាក់ (HVAC) ។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរក្រុមហ៊ុន Daikin ដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងវិស័យ HVAC សម្រាប់បុគ្គលិកកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។
ក្រុមហ៊ុន Daikin ក៏បានបង្ហាញទំទុកចិត្តលើកម្ពុជា ថាជាទីផ្សារសំខាន់សម្រាប់អនាគត និងបានប្តេជ្ញា អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី HVAC ក្នុងស្រុក តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញ បន្ថែមលើការផ្គត់ផ្គង់ផលិតផលដល់ទីផ្សារកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការពង្រឹងស្តង់ដាបច្ចេកទេស ដើម្បីកសាងទំនុកចិត្តលើទីផ្សារ ដោយគ្រោងពង្រីកសមត្ថភាពពិសោធន៍អេឡិចត្រូនិក នៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើតេស្តគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថាមពលនៃផលិតផលអេឡិចត្រូនិកនៅកម្ពុជា។
ក្រុមហ៊ុន Daikin បានជម្រាបជូនពីផែនការនាំយកបច្ចេកវិទ្យា Inverter ទំនើបមកកម្ពុជា ដើម្បីគាំទ្រប្រសិទ្ធភាពថាមពល គោលដៅអព្យាក្រឹតភាពកាបូន និងការកាត់បន្ថយចំណាយអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា បណ្តាញផលិតកម្មចម្រុះរបស់ខ្លួននៅក្នុងតំបន់អាស៊ាន អាចជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលមកកាន់ទីផ្សារកម្ពុជា ទោះបីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ស្ថិតក្នុងសភាពមិនប្រាកដប្រជាក៏ដោយ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការអនុវត្តស្តង់ដាប្រសិទ្ធភាពថាមពលអប្បបរមា (MEPS) ដើម្បីធានាថា ការអះអាងអំពីការសន្សំសំចៃថាមពល ឆ្លុះបញ្ចាំងប្រសិទ្ធភាពជាក់ស្តែងរបស់ផលិតផល ព្រមទាំងលទ្ធភាពនៃកិច្ចសហការ តាមរយៈមូលនិធិស្រាវជ្រាវជាតិដែលទើបត្រូវបានបង្កើត កម្មវិធីផ្លាស់ប្តូរបច្ចេកទេសក្នុងតំបន់ និងបណ្តាញអ្នកជំនាញរបស់ Daikin សម្រាប់វិស្វករ សាស្ត្រាចារ្យ និងអ្នកជំនាញឯកទេស។





ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍






































