លោក ស៊ី ជិនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅដើមសប្តាហ៍ក្រោយ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងជើង យ៉ាងឆាប់បំផុតនៅដើមសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដោយផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។

 
លោក ស៊ី ជិនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅដើមសប្តាហ៍ក្រោយ

ប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ទៀតបានទម្លាយឱ្យដឹងថា ក្រុមមន្ត្រីសន្តិសុខ និងមន្ត្រីពិធីការរបស់ប្រទេសចិន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងរួចរាល់ហើយក្នុងពេលថ្មីៗនេះ ដើម្បីរៀបចំការងារ ដែលនេះ បង្ហាញថា ទស្សនកិច្ចរបស់លោក ស៊ី ជិនពីង អាចនឹងកើតឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២៦ នេះ។

មន្ត្រីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងលើកនេះ លោក ស៊ី ជិនពីង នឹងព្យាយាមដើរតួជា «អ្នកសម្របសម្រួលកណ្តាល» រវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ហើយក៏រំពឹងថា នឹងផ្តោតសំខាន់លើការជម្រុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ព្រមទាំងការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាសន្តិសុខតំបន់។ ជាងនេះទៅទៀត ជំនួបកំពូលរវាងមេដឹកនាំទាំងពីរ ក៏អាចនឹងជជែកដេញដោលអំពីការរំសាយអាវុធនុយក្លេអ៊ែរ និងជំហររួមគ្នាចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ផងដែរ។
គួររំលឹកផងដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ចំនួន ៣លើករួចមកហើយ ក្នុងអាណត្តិដំបូងរបស់លោក ដើម្បីចរចាលើកម្មវិធីអាវុធនុយក្លេអ៊ែរ បានប្រកាសជាថ្មីម្តងទៀតថាលោកនៅតែបើកចំហចិត្តក្នុងការជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ហើយលោកនៅតែរក្សាទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន ដដែល៕

China's Xi may visit North Korea as early as next week, Yonhap reports

ប្រភព៖Reuters