ក្រុមកុបករថ្ងៃទី៦ មករា និងសម្ព័ន្ធមិត្តលោក ដូណាល់ ត្រាំ ត្រៀមដាក់ពាក្យស្នើសុំសំណងទឹកប្រាក់ប្រមាណ ១៨ពាន់លានដុល្លារ
ក្រសួងយុត្តិធម៌អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសបង្កើតមូលនិធិពិសេសមួយមានឈ្មោះថា «មូលនិធិប្រឆាំងការប្រើប្រាស់ប្រព័ន្ធច្បាប់ជាអាវុធ»ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧៧៦ ពាន់លានដុល្លារ ដែលជាលុយពន្ធរបស់ប្រជាពលរដ្ឋ។
ក្រុមកុបករធ្លាប់បានសម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែរៀបចំឯកសារដើម្បីទាមទារប្រាក់សំណងពីរដ្ឋាភិបាលអាមេរិក តាមរយៈមូលនិធិថ្មីមួយដែលមានទំហំទឹកប្រាក់រហូតដល់ ១៨ ពាន់លានដុល្លារ។
កញ្ចប់ថវិកាដ៏មហាសាលនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក្រោមឈ្មោះថា «មូលនិធិជនរងគ្រោះដោយសារការប្រើប្រាស់អំណាចរដ្ឋជាអាវុធ» ។ គោលបំណងនៃមូលនិធិនេះ គឺដើម្បីផ្តល់ប្រាក់សំណងទៅដល់បុគ្គលទាំងឡាយណា ដែលរដ្ឋបាលលោក ត្រាំ យល់ឃើញថា បានរងគ្រោះដោយសារការធ្វើទុក្ខបុកម្នេញ ឬការចោទប្រកាន់ផ្នែកច្បាប់ដោយអយុត្តិធម៌ពីសំណាក់ក្រសួងយុត្តិធម៌ (DOJ) ក្នុងអាណត្តិរបស់ប្រធានាធិបតីមុន លោក ចូ បៃដិន។
ក្នុងចំណោមអ្នកដែលត្រៀមដាក់ពាក្យទាមទារសំណង មានទាំងមេធាវី និងអ្នកនយោបាយល្បីៗ រួមទាំងបុគ្គលដែលត្រូវបានកាត់ទោសពីបទល្មើសហិង្សាកាលពីថ្ងៃទី៦ មករា ផងដែរ។ ពួកគេបានលើកឡើងថា ពួកគេមិនមែនជាមនុស្ស «លោភលន់» នោះទេ ប៉ុន្តែទឹកប្រាក់ទាំងនេះគឺជាសំណងសក្តិសមសម្រាប់វិបត្តិផ្លូវចិត្ត ការខូចខាតកេរ្តិ៍ឈ្មោះ និងការចំណាយលើសេវាមេធាវីការពារក្តីដែលពួកគេបានខាតបង់កន្លងមក។
ទោះជាយ៉ាងណា គម្រោងប្រើប្រាស់កញ្ចប់ថវិការដ្ឋនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកបក្សប្រជាធិបតេយ្យ និងអ្នកច្បាប់មួយចំនួន ដោយពួកគេបានចាត់ទុកចំណាត់ការនេះថាជាការ «យកថវិកាជាតិដែលបានមកពីពន្ធរបស់ប្រជាជន ទៅជួយឧបត្ថម្ភដល់ក្រុមកុបករ និងអ្នកល្មើសច្បាប់» ទៅវិញ។ ខណៈពេលដែលសមាជិកបក្សសាធារណរដ្ឋមួយចំនួនទៀតបានចេញមុខការពារថា នេះជាយុត្តិធម៌សម្រាប់អ្នកដែលរងគ្រោះដោយសារនយោបាយ៕
ប្រភព៖Reuters


















