កិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផលនៃការអនុវត្តការវាយតម្លៃ អង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលវាយតម្លៃបឋមលើ "អង្គភាពបម្រើសេវាសាធារណៈគំរូ ឆ្នាំ២០២៥" ក្នុងវិស័យអប់រំ និងសុខាភិបាល។
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងសការីបានចូលរួមកិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផលនៃការអនុវត្តការវាយតម្លៃអង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលបឋមរបស់គណៈកម្មការបច្ចេកទេសនៃ គ.វ.ជ និងកំណត់វិធានការអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិការ នៃ គ.វ.ជ រួមទាំងសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងមន្ត្រីជំនាញជាច្រើនរូបទៀត។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យសម្រេចលើរបៀបវារៈចំនួន ៣គឺ (១) លទ្ធផលនៃការអនុវត្តការវាយតម្លៃអង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលបឋមរបស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ (២) ពិនិត្យពិភាក្សាលើវិធានការសម្រាប់អនុវត្តនីតិវិធីបន្តក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ និង(៣) ការស្នើសុំផ្តល់វិញ្ញាបនបត្រការទទួលស្គាល់អង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។
ជាលទ្ធផល ការវាយតម្លៃអង្គភាពបម្រើសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គណៈកម្មការ គ.វ.ជ. បានពិនិត្យសម្រេចផ្តល់អនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាពចំនួន១០ ដែលមានពិន្ទុខ្ពស់ជាងគេ ការអនុញ្ញាត្តឱ្យចូលរួមការប្រឡងប្រជែងនៅកម្រិតថ្នាក់ជាតិជាបន្តទៀត។




ប្រភព៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Verified account






































