លោក ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងមិនដើរតួនាទីក្នុងការការពារច្រកសមុទ្រ Hormuz ទៀតទេ
នៅក្នុងការវិវត្តន៍ដ៏គួរឱ្យកត់សម្គាល់មួយទៀតនៃគោលនយោបាយការបរទេសអាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាថ្មីកាលពីថ្ងៃពុធ ម្សិលមិញនេះថា សហរដ្ឋអាមេរិកនឹងលែងដើរតួនាទីជាអ្នកធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ទៀតហើយ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ទំនួលខុសត្រូវនេះ គួរតែធ្លាក់ទៅលើបណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីមជ្ឈិមបូព៌ា រួមមានប្រទេសជប៉ុន បារាំង កូរ៉េខាងត្បូង និងចិន។
ការប្រកាសនេះធ្វើឡើងស្របពេលដែលសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី ៥ ហើយបានធ្វើឱ្យច្រកសមុទ្រដ៏សំខាន់មួយនេះ ស្ទើរតែត្រូវបិទទ្វារទាំងស្រុង។ លោក ត្រាំ បានថ្លែងថា៖ "មិនមានហេតុផលអ្វីដែលអាមេរិកត្រូវចំណាយធនធាន និងកម្លាំងដើម្បីការពារច្រកសមុទ្រនេះទៀតទេ វាជាការទទួលខុសត្រូវរបស់បណ្តាប្រទេសដែលប្រើប្រាស់វា"។ លោកបានបន្ថែមថា អាមេរិកនឹងរង់ចាំជួយប្រសិនបើចាំបាច់ ប៉ុន្តែវាមិនមែនជាកិច្ចការងាររបស់អាមេរិកតែម្នាក់ឯងទៀតនោះទេ។
ជាការឆ្លើយតប ប្រទេសជប៉ុន និងបារាំង បានចាប់ផ្តើមធ្វើការសម្របសម្រួលគ្នាជាបន្ទាន់ ដើម្បីស្វែងរកយន្តការរួមមួយក្នុងការការពារច្រកសមុទ្រនេះ។ មេដឹកនាំនៃប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការដឹកជញ្ជូនប្រេង និងឧស្ម័ន ដែលមានប្រមាណ ២០% នៃតម្រូវការពិភពលោក។ ជប៉ុនបានបង្ហើបថា ខ្លួនអាចនឹងពិចារណាបញ្ជូននាវាបោសសម្អាតមីន (Minesweepers) ខណៈដែលបារាំងកំពុងដឹកនាំការពិភាក្សាជាមួយប្រទេសដទៃទៀត ដើម្បីរៀបចំក្រុមនាវាចម្បាំងល្បាត។ ទោះជាយ៉ាងណា ជប៉ុនក៏បានរំលឹកផងដែរថា សកម្មភាពយោធារបស់ខ្លួន ត្រូវស្ថិតក្រោមការរឹតត្បិតនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន។
ចំណាត់ការរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាការដាក់សម្ពាធដ៏ខ្លាំងក្លាទៅលើសម្ព័ន្ធមិត្តអន្តរជាតិ ឱ្យចូលរួមចំណែកកាន់តែច្រើនក្នុងសន្តិសុខពិភពលោក។ ខណៈដែលទីផ្សារថាមពលសកលកំពុងប្រឈមនឹងការឡើងថ្លៃខ្លាំង ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចជុំវិញពិភពលោក កំពុងរង់ចាំមើលថា តើក្រុមចម្រុះនៃបណ្តាប្រទេសទាំងនេះ នឹងអាចសម្រេចកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញបានដោយរបៀបណា និងនៅពេលណា?


ប្រភព៖Reuters


















