[វីដេអូ] Ep.100 ប្រធានបទ៖ កត្តាប្រឈមនៃជំងឺរលាកថ្លើមប្រភេទB
ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺដែលបង្កឡើងដោយមេរោគប្រភេទ B ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈឈាម។
រោគសញ្ញា
ទាក់ទងនឹងការឆ្លង នៅពេលដែលឆ្លងថ្មីៗកម្រស្តែងចេញនូវរោគសញ្ញាណាមួយអោយបានកត់សម្គាល់ណាស់ ក៏ប៉ុន្តែក៏អាចមានករណីមួយចំនួនតូចអាចស្តែងចេញជាអាការៈដូចជា ក្តៅខ្លួន អស់កម្លាំង មានការឈឺចាប់ក្នុងពោះ ឬក្អួត ហើយអ្នកខ្លះទៀតអាចចេញឡើងលឿងនៅលើស្បែក ឬភ្នែកផងដែរ។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យរបស់អ្នកជំងឺរលាកថ្លើមប្រភេទ B គឺ៖
- ត្រូវដឹងពីប្រវត្តិគ្រួសាររបស់អ្នកជំងឺជាមុនសិន
- ការពិនិត្យជាក់ស្តែងដើម្បីស្វែងរករោគសញ្ញា
- ការធ្វើតេស្តឈាម
ជំងឺរលាកថ្លើមប្រភេទ B ឆ្លងតាមរយៈ
- ឈាម
- ការរួមភេទដោយការប៉ះផ្ទាល់ជាមួយសារធាតុរាវមួយចំនួន
- ការប្រើប្រាស់ឧបករណ៍មុតស្រួចមួយរួមគ្នាជាមួយអ្នកដែលមានផ្ទុកនៅមេរោគថ្លើមប្រភេទ B
- ការចម្លងពីម្តាយទៅកូនទាំងពេល ពពោះ និងក្នុងកំឡុងពេលសម្រាល
វិធីសាស្ត្រការពារ
ការការពារដោយចាក់វ៉ាក់សាំងជួយបង្ការជំងឺរលាកថ្លើមប្រភេទ B បានដើម្បីបណ្តុះអង់ទីគ័រអាចទប់ស្កាត់នៅការចម្លងនៅមេរោគថ្លើមប្រភេទ B។ ម្យ៉ាងទៀតសម្រាប់ស្ត្រីមានផ្ទៃពោះប្រសិនបើក្នុងករណីមានទម្ងន់ហើយដឹងថាខ្លួនមានមេរោគថ្លើម B គឺត្រូវតែទៅជួបនិងតាមដានជាមួយគ្រួពេទ្យឯកទេសឬអាចសម្រាលនៅមន្ទីរពេទ្យដែលមានវ៉ាក់សាំងដើម្បីចាក់ជូនទារកទប់ស្កាត់ការចម្លងពីម្តាយទៅកូនបាន។
សូមបញ្ជាក់ផងដែរថា ជំងឺថ្លើមប្រភេទ B មិនមែនជាជំងឺតំណពូជនោះទេ អ្នកដែលមានផ្ទុកជំងឺថ្លើមប្រភេទ B អាចរស់នៅជុំគ្នា ហូបចុកជាមួយគ្នា ការប្រើប្រាស់ស្លាបព្រាជាមួយគ្នាគឺមិនមានការឆ្លងនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖