ជំនួបទ្វេភាគីកម្ពុជា-ចិន៖ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម វ៉ាង យី ពិភាក្សាផ្ដោតលើស្ថិរភាពតំបន់ និងបញ្ហាព្រំដែនកម្ពុជា-ថៃ
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
អំឡុងពេលកិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី ផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា–ថៃផងដែរ។




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK






































