កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

ភ្នំពេញ: កាលពីម្សិលមិញ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយឯកឧត្តម ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។

 
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

 

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។

សូមជម្រាបថា ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ៕

 

 

 

ប្រភព: ក្រសួងពាណិជ្ជកម្ម