តើថ្ងៃបុណ្យចូលឆ្នាំថ្មី ឬបុណ្យមហាសង្រ្កាន្តខាងមុខ ទេពធីតាព្រះនាងមហោទរាទេវី សោយសាច់ទ្រាយ ឬសាច់ឈ្លូសជាភក្សាហារ?
បើទៅតាមប្រតិទិនខ្មែរ “ចន្ទគតិ” ថ្ងៃមហាសង្រ្កាន្តខាងមុខ គឺចំថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ និងទេវតាយាងចុះមក នៅម៉ោង ២២:២៤ នាទី(ពេលយប់)។
បើយោងទៅតាមប្រតិទិនខ្មែរ “ចន្ទគតិ” ថ្ងៃមហាសង្រ្កាន្តខាងមុខ គឺចំថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ និងទេវតាយាងចុះមក នៅម៉ោង ២២:២៤ នាទី(ពេលយប់)។ ក្នុងសេចក្តីទំនាយនៃតម្រា “សំការសូត្រ” បាននិយាយអំពីទេពធីតាមហាសង្រ្កាន្តដែលជាបុត្រីកបិលមហាព្រហ្មទាំងប្រាំពីររូប និងគ្រឿងអាភារណៈរបស់ព្រះនាងថា៖
១. បើសង្រ្កាន្តជាថ្ងៃ “អាទិត្យ”
● ព្រះនាមទេពធីតា៖ ព្រះនាង “ទុង្សាទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាទទឹម”
● គ្រឿងប្រដាប់៖ “បទុមរាគ” (កែវមណីសម្បុរក្រហម)
● ភក្សាហារ៖ ផ្លែឧទុម្ពរ (ផ្លែល្វា)
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “កងចក្រ” និងព្រះហស្តខាងខាងឆ្វេង “ខ្យងស័ង្ខ”
● ពាហនៈ៖ “គ្រុឌ”។
២. បើសង្រ្កាន្តជាថ្ងៃ “ចន្ទ”
● ព្រះនាមទេពធីតា៖ ព្រះនាង “គោរាគទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាអង្គាបុស្ប”
● គ្រឿងប្រដាប់៖ មុត្តា ឬមុក្តា(គជ់ខ្យង)
● ភក្សាហារ៖ “ប្រេង”
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “ព្រះខ័ន” និងព្រះហស្តខាងឆ្វេង “ឈើច្រត់”
● ពាហនៈ៖ “ខ្លា”។
៣. បើសង្រ្កាន្តជាថ្ងៃ “អង្គារ”
● ព្រះនាមទេពធីតា៖ ព្រះនាង “គោរក្សសាទេវី”
● ព្រះកាណ៌៖ សៀត “បទុម” (ផ្កាឈូក)
● គ្រឿងប្រដាប់៖ មោរា
● ភក្សាហារ៖ លោហិត(ឈាម)
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “ត្រីសូល៍” និងព្រះហស្តខាងឆ្វេង “ធ្នូ”
● ពាហនៈ៖ អស្សតរៈ(សេះ)។
៤. បើសង្រ្កាន្តជាថ្ងៃ “ពុធ”
● ព្រះនាមទេពធីតា៖ ព្រះនាង “មណ្ឌាទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាចម្ប៉ា”
● គ្រឿងប្រដាប់៖ ពិទូរ្យ(ពេជ្រភ្នែកឆ្មា)
● ភក្សាហារ៖ សប្បិ(ទឹកដោះគោ)
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “ម្ជុល” និងព្រះហស្តខាងឆ្វេង “ឈើច្រត់”
● ពាហនៈ៖ លា។
៥. បើសង្រ្កាន្តជាថ្ងៃ “ព្រហស្បតិ៍”៖
● ព្រះនាមទេពធីតា៖ ព្រះនាង “កិរិណីទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាមណ្ឌា”
● គ្រឿងប្រដាប់៖ មក៌ត
● ភក្សាហារ៖ “សណ្តែក និងល្ង”
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “កង្វេរ” និងព្រះហស្តខាងឆ្វេង “កាំភ្លើង”
● ពាហនៈ៖ គជៈ “ដំរី”។
៦. បើសង្រ្កាន្តជាថ្ងៃ “សុក្រ”
● ព្រះនាមទេពធីតា៖ ព្រះនាង “កិមិរាទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាចង្កុលណី”
● គ្រឿងប្រដាប់៖ បុស្សរាគ៌ម
● ភក្សាហារ៖ “ចេកណាំវ៉ា”
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “ព្រះខ័ន” និងព្រះហស្តខាងឆ្វេង “ពិណ”
● ពាហនៈ៖ “ក្របី”។
៧. បើសង្រ្កាន្តជាថ្ងៃ “សៅរ៍”
● ព្រះនាមទេពធីតា៖ ព្រះនាង “មហោទរាទេវី”
● ព្រះកាណ៌៖ សៀត “ផ្កាត្រកៀត”
● គ្រឿងប្រដាប់៖ នីលរត័ន៍(រ័ត្ន ឬរតនៈ ពណ៌ខៀវ)
● ភក្សាហារ៖ “សាច់ទ្រាយ” (សាច់ឈ្លូស)
● សាស្ត្រាវុធ៖ ព្រះហស្តខាងស្តាំ “កងចក្រ” និងព្រះហស្តខាងឆ្វេង “ត្រីសូល៍”
● ពាហនៈ៖ មយូរៈ “ក្ងោក”។
ដូចដែលបានបញ្ជាក់ខាងលើ បុណ្យមហាសង្រ្កាន្តខាងមុខ ទេពធីតាព្រះនាងមហោទរាទេវី នឹងយាងចុះមកនៅម៉ោង ២២:២៤ នាទី(ពេលយប់)។ បើតាមទំនៀម ទេពធីតាទាំងប្រាំពីររូបដែលត្រូវវេនចេញហែ ដៃម្ខាងទ្រពានមាសដែលមានតម្កល់សិរសាកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈជារបៀបធម្មតានោះទេ គឺសុទ្ធតែសម្តែងនូវកិរិយាតាមបែបបទផ្សេងៗ ដូចជាគេលេងសៀក ប៉ុន្តែគេបានកំណត់តាមពេលហែចេញ យ៉ាងដូច្នេះ៖
១. ពីព្រលឹមដល់ថ្ងៃត្រង់៖ “ជិះលើខ្នងពាហនៈ ដោយមិនកាន់ខ្សែ ឬបង្ហៀរនោះទេ”
២. ពីថ្ងៃត្រង់ដល់ព្រលប់៖ “ជិះអង្គុយពាក់ឆៀង”
៣. ពីព្រលប់ដល់កណ្តាលអធ្រាត្រ៖ “ជិះដេក បើកភ្នែក”
៤. ពីពាក់កណ្តាលអធ្រាត្រដល់ភ្លឺ៖ “ជិះដេក ធ្មេចភ្នែក”។
ងាកមកមើលប្រធានបទរបស់យើងវិញ បើទោះបីមានតម្រា ដែលបានចារមក និងមានសរសេរក្នុងសៀវភៅក៏ពិតមែន(ទេពធីតាព្រះនាងមហោទរាទេវី សោយសាច់ទ្រាយ ឬសាច់ឈ្លូសជាភក្សាហារ) តែសម័យបច្ចុប្បន្ននេះ កំពុងតែហាមឃាត់ការសម្លាប់សត្វព្រៃ និងអភិរក្ស(បើបរបាញ់នឹងមានទោស ដោយយោងទៅតាមមាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ បានហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លិចបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ដោយការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់គ្រប់ប្រភេទ ការប្រមាញ់ក្នុងរដូវកាលហាមឃាត់ និងប្រមាញ់ក្នុងតំបន់ការពារ និងទីសាធារណៈពិសេស)។ ម្យ៉ាងវិញទៀត កម្ពុជា គឺជាប្រទេសកាន់សាសនាព្រះពុទ្ធ និងមានពុទ្ធសាសនិក ៩៧% គឺមិនគួរគប្បីក្នុងការសម្លាប់សត្វនោះឡើយ ដូច្នេះបងប្អូនខ្មែរ គួរសែនសំណែនជាផ្កា សាច់(ស្របច្បាប់) បន្លែ ផ្លែឈើនានាជំនួសវិញទៅ ទើបជាការប្រសើរ និងនាំមកនូវសិរីសួស្តីយ៉ាងពិតប្រាកដក្នុងជីវិតរស់នៅ៕
អត្ថបទ៖ CNGTV Cambodia
ឯកសារយោង និងពិគ្រោះ៖ វចនានុក្រមខ្មែរ (ក្រុមប្រឹក្សាជាតិភាសាខ្មែរ), ប្រតិទិនខ្មែរចន្ទគតិ, សៀវភៅ “បុណ្យទំនៀមទម្លាប់ខ្មែរ ក្រាំងបុណ្យទាំង១២ខែ ភាគទី ២” ដែលសរសេរដោយលោក “ឆឹង ផាន់សុផុន” និងពីគេហទំព័រនានា ដែលនិយាយពីថ្ងៃបុណ្យចូលឆ្នាំថ្មី។