“ការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និងត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា”
ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និងត្រាប់តាម ឬ មានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។
យោងទៅតាមសេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាម ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះ បញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និងឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូប ផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការ អន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។
ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការ កំណត់ប្រភេទសត្វ និងរុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្តើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និងត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាណជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តតាម សេចក្តីជូនដំណឹងនេះ ចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះតទៅ។
ប្រភពព័ត៌មាន៖ ក្រសួងពាណិជ្ជកម្ម