ឯកឧត្ដម ឃួង ស្រេង ស្នើសុំអាជីវករ កុំដំឡើងថ្លៃទំនិញគ្មានហេតុផល ក្នុងដំណាក់កាលជំងឺកូវីដ-១៩ បើមិនដូច្នោះទេ អាជ្ញាធររាជធានី នឹងមានវិធានការរដ្ឋបាលហើយ
អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំដំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនិងមានវិធានការរដ្ឋបាលផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានមួយ នារាត្រីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ បងប្អូន អាជីវករដែលលក់ដូរគ្រឿងអាហារហូបចុករួចហើយ មិនត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការនៅថ្ងៃ ក្រោយ ដោយមិនអាចឱ្យឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ ។
ឯកឧត្ដម បញ្ជាក់ថា ទំនិញត្រូវតែមាន គុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។ចំណែក ក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកឱ្យឈ្មួញទុច្ចរិតរួចខ្លួនទេ ។
ឯកឧត្ដម បានអំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្ដម បញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ ។ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសឱ្យផុតពីគ្រោះដ៏កាចសាហាវនៃជំងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន