កម្ពុជាទទួលបានជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»
ក្រសួងទេសចរណ៍កម្ពុជា ទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣សមាគមន៍ AHHRA សហការជាមួយក្រុមហ៊ុន TIN Media បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីនេះឡើង នៅប្រទេសម៉ាឡស៊ី ដោយប្រទេសកម្ពុជាទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានលើកឡើងថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចង្អុលបង្ហាញ ណែនាំជាប្រចាំរបស់ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍។
លោក បានបន្ថែមថា លទ្ធផលទាំងនេះកើតចេញពីសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខមប្រឹងប្រែងបំពេញភារកិច្ច ដោយការទទួលខុសត្រូ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ។ ដោយបានខិតខំជំរុញការស្តារសម្បទាធនធានមនុស្ស ការផ្តល់ហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម-សេវាកម្មទេសចរណ៍ និងបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា យ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ។ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា, កូរ៉េ, ចិន, និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា ដោយផ្ទាល់នៅប្រទេសហ៊្វីលីពីន, ប្រទេសឥណ្ឌូណេស៊ី, និងនៅប្រទេសវៀតណាម។
លោក ប្រាក់ វុទ្ធី បានបន្តថា បន្ថែមពីនេះ ក៏មានការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិ តាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍ នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗ នៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជា នៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ។
គួរបញ្ជាក់ដែរថា ពានរង្វាន់នេះ គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧ ៥១៥នាក់ ទទួលបាន ៥៤,៨៥០ពិន្ទុ។ បេក្ខភាពចូលរួមសរុបជាង ២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន៖ ក្រុមប្រឹក្សាទេសចរណ៍, សណ្ឋាគារ, រមណីយដ្ឋាន, ភោជនីយដ្ឋាន, ក្រុមហ៊ុនបច្ចេកវិទ្យា, និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។
នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី។ ក្នុងនោះមានប្រទេសកម្ពុជា, តង់សានី, ប៊ុលហ្ការី, ឥណ្ឌា, ហ៊្វីលីពីន, និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀត បានទទួលពានរង្វាន់តាមអនឡាញ៕
ប្រភព៖ ក្រសួងព័ត៌មាន