ការរឹតបន្តឹងការបិទច្រកសមុទ្រ Hormuz របស់អុីរ៉ង់ បង្កទុក្ខវេទនាយ៉ាងខ្លាំងដល់ក្រុមនាវិកដែលជាប់គាំង

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ចំណាត់ការរបស់ប្រទេសអុីរ៉ង់ក្នុងការបង្កើនការរឹតបន្តឹង និងការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz កាន់តែខ្លាំងឡើង កំពុងតែរុញច្រានក្រុមនាវិកអន្តរជាតិរាប់ពាន់នាក់ដែលកំពុងជាប់គាំងនៅលើកប៉ាល់ដឹកទំនិញ ឱ្យធ្លាក់ក្នុងវិបត្តិទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកស្មារតី និងការរស់នៅប្រចាំថ្ងៃ។

 
ការរឹតបន្តឹងការបិទច្រកសមុទ្រ Hormuz របស់អុីរ៉ង់  បង្កទុក្ខវេទនាយ៉ាងខ្លាំងដល់ក្រុមនាវិកដែលជាប់គាំង

យោងតាមរបាយការណ៍ដែលបានលាតត្រដាងកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ចាប់តាំងពីវិបត្តិសង្គ្រាម និងការប្រឈមមុខដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើង កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម និងកប៉ាល់ដឹកប្រេងរាប់សិបគ្រឿង ត្រូវបានបង្ខំឱ្យចតទ្រឹងនៅក្នុងដែនទឹកក្បែរនោះ ដោយមិនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះបានឡើយ។ ការជាប់គាំងក្នុងរយៈពេលយូរនេះ បានបណ្តាលឱ្យស្បៀងអាហារ ថ្នាំសង្កូវ និងទឹកស្អាតនៅលើកប៉ាល់មួយចំនួនចាប់ផ្តើមខ្វះខាតយ៉ាងខ្លាំង។

សហជីពនាវិកអន្តរជាតិ និងក្រុមសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់ក្រុមនាវិក ដោយសារពួកគេត្រូវរស់នៅក្រោមសម្ពាធនៃការភ័យខ្លាចពីការវាយប្រហារយោធា ព្រមទាំងមិនអាចទាក់ទង ឬវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេបាន។ បន្ថែមពីនេះ នាវិកមួយចំនួនធំក៏កំពុងប្រឈមនឹងការហួសសុពលភាពនៃកិច្ចសន្យាការងារនៅលើសមុទ្រថែមទៀតផង។

កងទ័ពជើងទឹកអ៊ីរ៉ង់នៅតែបន្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរាល់ការធ្វើចរាចរណ៍របស់កប៉ាល់ទាំងអស់ ដោយអះអាងថា នេះជាវិធានការសន្តិសុខចាំបាច់ដើម្បីការពារទឹកដីរបស់ខ្លួន។ ទោះជាយ៉ាងណា ស្ថាប័ននាវាចរណ៍អន្តរជាតិបានអំពាវនាវដល់ភាគីជម្លោះទាំងអស់ មេត្តាកុំយកក្រុមនាវិកស៊ីវិលធ្វើជា «ចំណាប់ខ្មាំង» ក្នុងជម្លោះភូមិសាស្ត្រនយោបាយ និងត្រូវបើកច្រករបៀងមនុស្សធម៌ជាបន្ទាន់ ដើម្បីជម្លៀសបុគ្គលិកសមុទ្រដែលកំពុងរងគ្រោះទាំងនោះចេញពីតំបន់គ្រោះថ្នាក់៕

Closure of Strait of Hormuz piles misery on stranded sailors

ប្រភព៖Reuters