គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់ ស្តីពីកិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) និងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber of Cambodia-IBC) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ នៃការយោគយល់ស្តីពីកិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពរបស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានជំរុញឱ្យក្រុមហ៊ុនឯកជនចូលជាសមាជិករបស់ខ្លួន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព និងបានគូសបញ្ជាក់ថា កម្ពុជាមិនមានអត្រាអ្នកឆ្លង និងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ទេ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ។ប៉ុន្តែបើក្រឡេកមកមើលពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ កម្ពុជាមានអ្នកស្លាប់យ៉ាងហោចណាស់៥នាក់ ក្នុងមួយថ្ងៃ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ ទន្ទឹមនឹងនេះ លោកជំទាវបានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបផ្លាស់ប្តូរឥរិយាបថ មានស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ លោក Paul Dodd សមាជិកក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានមានប្រសាសន៍លើកឡើងទៅកាន់អង្គពិធី អំពីសាវតានៃការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលរួមមានសមាសភាពមកពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ក្រុមហ៊ុន Pernod Ricard, ក្រុមហ៊ុនTotal Energy, ក្រុមហ៊ុន Mitsubishi, ក្រុមហ៊ុនធានារ៉ាប់រង Prudential Cambodia, និង បណ្តាក្រុមហ៊ុនឯកជនដទៃទៀត យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក Paul Dodd បានមានប្រសាសន៍ថា ក្រុមការងារបានបង្កើតយុទ្ធនាការសង្គមស្តីពី “ អំណាចនៃពាក្យថាទេ ” ជាផ្នែកមួយនៃយុទ្ធនាការពិសាគ្រឿងស្រវឹងកុំបើកបរ បើកបរកុំពិសាគ្រឿងស្រវឹង ដើម្បីផ្សព្វផ្សាយដល់សមាជិក និង ក្រុមគ្រួសាររបស់សមាជិក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានកត់សម្គាល់ថា ចរាចរណ៍មានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ចៀសមិនផុត ហើយក្រុមការងារសុវត្ថិភាពចរាចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលា ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅ ត្រីមាសទី៣ ឆ្នាំ២០២២នេះ ដើម្បីចូលរួមចំណែកក្នុងការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាពិសេស លោកបានប្តេជ្ញាចិត្តថា នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ តាមរយៈការរៀបចំយុទ្ធនាការអប់រំសុវត្ថិភាពនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ” ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន