រដ្ឋមន្ត្រីក្រសួងក្រសួងឧស្សាហកម្ម រំលេចពីតំបន់ដែល ក្រសួងផ្ដល់អាទិភាពវិនិយោគក្នុងវិស័យទឹកស្អាត

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងបានផ្ដល់អាទិភាពវិនិយោគក្នុងវិស័យទឹកស្អាត ទៅតំបន់ដែលនៅសេសសល់ក្នុងដែនសេវារបស់រដ្ឋាករទឹក សំដៅពង្រីកសមត្ថភាពផ្គត់ផ្គង់ឱ្យបានពេញលេញ ដើម្បីលើកកម្ពស់តួនាទីជាយុទ្ធសាស្រ្ត និងការចូលរួមរបស់រដ្ឋ។

 
រដ្ឋមន្ត្រីក្រសួងក្រសួងឧស្សាហកម្ម រំលេចពីតំបន់ដែល ក្រសួងផ្ដល់អាទិភាពវិនិយោគក្នុងវិស័យទឹកស្អាត

ថ្លែងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា អាទិភាពត្រូវបានផ្តល់ជូនតំបន់ដែលមានសក្ដានុពល និងមានតម្រូវការប្រើប្រាស់ទឹកខ្លាំង ជាពិសេសតំបន់ឧស្សាហកម្ម, តំបន់កសិ-ឧស្សាហកម្ម, តំបន់ដែលពុំមានប្រភពទឹកគ្រប់គ្រាន់ មានដូចជា ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តព្រះសីហនុ ក៏ដូចជាតំបន់ដែលមានសក្ដានុពលអាចក្លាយទៅជាតំបន់កសិ-ឧស្សាហកម្ម និងតំបន់ឧស្សាហកម្មដទៃទៀត ដើម្បីធានាថានៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់រួចរាល់ និងអាចដំណើរការបាន អង្គភាពរដ្ឋាករទឹកនឹងមានលទ្ធភាពក្នុងការទទួលបានចំណូលបន្ថែម និងអាចពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការវិនិយោគបន្ដ និងជួយយឹតយោងដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្ដានុពល។

តាមឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថាចំពោះគម្រោងអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនប្រកបដោយនិរន្ដរភាព ក្រសួងបានទទួលហិរញ្ញប្បទានឥតសំណងរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចំនួន ៣,៦ លានដុល្លារអាមេរិក ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាពនៅ ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តត្បូងឃ្មុំ។ សម្រាប់វឌ្ឍនភាពការងារ បច្ចុប្បន្ន គម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព ហើយផ្អែកតាមការសិក្សាបឋម ទំហំការងារដែលបន្ថែមសម្រាប់ខេត្តស្វាយរៀងផ្ទាល់ រួមមាន៖

១. សាង់សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពប្រមាណ ៥០ ០០០ ម៣/ថ្ងៃ ហើយផ្គត់ផ្គង់ទឹកស្អាតទៅឃុំកំពង់ចក និង ឃុំកណ្តៀងរាយ, ឃុំក្រោលគោ និងផ្គត់ផ្គង់ទឹកដុំទៅប្រតិបត្តិករទឹកស្អាតឯកជន ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលនៅក្នុងស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុកចន្ទ្រា និងក្រុងបាវិត។

និង២. សាង់សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពប្រមាណ ២០ ០០០ ម៣/ថ្ងៃ ហើយផ្គត់ផ្គង់ទឹកដុំទៅប្រតិបត្តិករទឹកស្អាតឯកជនដែលនៅក្នុងស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក។

គួរជម្រាបជូនថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស បានកើនឡើង ៨០% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបានកើនឡើងទ្វេដងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ១.៥៧១.៩៧៦ គ្រួសារ ក្នុងឆ្នាំ២០២៥៕ 

ប្រភព៖ ក្រសួងឧស្សាហកម្ម