[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.21 ការរំលូតកូន ដោយសុវត្ថិភាព

ការរលូត ឫរំលូត គឺជាការបញ្ឈប់ការមានផ្ទៃពោះមុនពេលគក៌មានអាយុ២៨សប្តាហ៍ ឫ៧ខែ។ បើយោងតាមច្បាប់ក្នុងប្រទេសកម្ពុជាការរំលូតប្រកបដោយសុវត្ថិភាព គឺគក៌ដែលមានអាយុត្រឹម ឬក្រោម១២សប្តាហ៍ ។

 
[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.21 ការរំលូតកូន ដោយសុវត្ថិភាព

តើអ្វីទៅជាការរំលូតកូនដោយសុវត្ថិភាព?

តាមរយៈការបកស្រាយរបស់វេជ្ជបណ្ឌិត ប៉ុម សុថារី ឯកទេសសុខភាពបន្តពូជ និងវិបត្តិគ្មានបុត្រ បានធ្វើការចែករំលែកទៅលើការរំលូតកូនដោយសុវត្ថិភាព គឺជាការផ្ដោតទៅលើ២ចំណុចសំខាន់គឺ៖

-ការផ្ដល់ការប្រឹក្សា ឬសេវារំលូតត្រូវធ្វើឡើងនៅមូលដ្ឋានសុខាភិបាល ដូចជា មន្ទីរពេទ្យ មណ្ឌល សុខភាព ឬគ្លីនិកឯកជនដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។

-ការផ្ដល់សេវារំលូតដោយគ្រូពេទ្យជំនាញដូចជា វេជ្ជបណ្ឌិត គ្រូពេទ្យមធ្យម ឆ្មបមធ្យមដែលបានទទួលការបណ្តុះបណ្តាលការថែទាំរំលូតដោយសុវត្ថិភាពនិងមានសញ្ញាបត្របញ្ជាក់ពីក្រសួងសុខាភិបាល។

តើការរំលូតកូនដោយសុវត្ថិភាពចែកចេញជាប៉ុន្មានទម្រង់?

នៅក្នុងការរំលូតកូនដោយសុវត្ថិភាពបានចែកចេញជា ២ប្រភេទ៖

- ទី១ ការរំលូតកូនដោយប្រើឳសថ

- ទី២ ការរំលូតកូនដោយប្រើឧបករណ៏បូមសំអាតដោយដៃ។

តើកត្តាអ្វីខ្លះដែលបណ្តាលអោយស្រ្តីជ្រើសរើសការរំលូតកូន?

កត្តាជាច្រើនដែលបណ្តាលអោយស្រ្តីសម្រេចចិត្តនៅក្នុងការជ្រើសរើសការរំលូតកូនមានដូចជា៖

-ការមិនទាន់បានត្រៀមខ្លួន (គូស្វាមីភរិយា )

-បញ្ហាសុខភាព

-បញ្ហាគត៌មិនប្រក្រតី

-បញ្ហាគ្រួសារ (ការរស់នៅមិនចុះសម្រុងគ្នា)

-ស្រ្តីដែលដែទទួលរងការំលោភផ្លូវភេទ

-បញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ -ល- ។

យោងទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តនៅក្នុងឆ្នាំ១៩៩៧ មាត្រា៨ នៃច្បាប់ស្ដីពីការរំលូត
ការ
រំលូតកូនអាចធ្វើទៅបាន​​ ចំពោះតែគភ៌ណាដែលមានអាយុតិច​​ជាង ១២សប្ដាហ៍។ លើសពី ១២សប្ដាហ៍នៃអាយុគភ៌ ការរំលូតកូនអាចទទួលបាន​ការអនុញ្ញាត លុះតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា 

-គភ៌មានសភាពលូតលាស់​​មិនប្រក្រតី​ បង្កគ្រោះថ្នាក់​​ដល់ជីវិតម្ដាយ

-កូនដែលនឹងកើតមកអាច​​មានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា

-ក្នុងករណីដែលត្រូវគេរំលោភបណ្ដាលឱ្យមានគភ៌

តើការរំលូតកូនមានកត្តាប្រឈមអ្វីខ្លះ?

 +កត្តាប្រឈមនៃការរំលូតកូន ដោយប្រើឳសថ ៖ កត្តាប្រឈមមានកម្រិតទាប

  • ការរំលូតបរាជ័យៈ ការប្រើឳសថមិនបាន ១០០% មិនទៀងទាត់
  • ការធ្លាក់ឈាមធ្ងន់ធ្ងរ
  • ការក្លាយរោគ គឺជាការកររោគក្រោយរំលូត

 +កត្តាប្រឈមនៃការរំលូតដោយការបូមសំអាត

  • ការធ្លាក់ឈាមធ្ងន់ធ្ងរអាចកើតមានក្នុងកំឡុងពេលបូមនិងក្រោយពេលសំអាត
  • ការក្លាយរោគក្នុងកំឡុងពេលបូមនិងក្រោយពេលសំអាត
  • របួសនៅមាត់ស្បូន ធ្លាយស្បូន
  • ការរំលូតកូនមិនអស់

ជាចុងក្រោយ លោកស្រីវេជ្ជបណ្ឌិត ប៉ុម សុថារី សូមស្រ្តីគ្រប់រូបមុននឹងទទួលយកសេវារំលូតកូន សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងពិនិត្យសុខភាពឲ្យច្បាស់ជាមុនសិន ចៀសវាងជួបប្រទះនៅកត្តាប្រឈមនានា ដែលអាចធ្វើស្រ្តីមានគ្រោះថ្នាក់ដល់សុខភាព ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះគូស្វាមីភរិយា ឬអ្នកដែលមានដៃគូដែលមិនទាន់ចង់បានបុត្រ សូមរៀបចំធ្វើផែនការគ្រួសារក៏ដូចជាជ្រើសរើសសេវាពន្យារកំណើតដែលសមស្របជាមួយនិងសុខភាពចៀសវាងការមានកូនចៃដន្យផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖