អបអរសាទរ​កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅថៃ

ថ្មីៗនេះកីឡាករ និងកីឡាការិនីកម្ពុជា បានប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

 
អបអរសាទរ​កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅថៃ

លោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអត្តពលិកចូលរួមសរុបជាង ៥០០នាក់ មកពី ៣០ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីចំនួន ១៨នាក់ផងដែរ ។

សូមជម្រាបថាការប្រកួតនេះធ្វើឡើង ៤ថ្ងៃ ពីថ្ងៃទី២៥-២៨ ខែកុម្ភៈកាលពីថ្ងៃសៅរ៍ ក្រុមកីឡាករ កីឡការិនីជឺជីតស៊ូរបស់កម្ពុជា បានចាប់ផ្តើមជាមួយការដណ្តើមបានជ័យជម្នះដ៏គួរឱ្យកត់សម្គាល់ គឺការឈ្នះបានមេដាយចំនួន៣គ្រឿងជូនជាតិ ដោយក្នុងនោះកីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា បានរួមគ្នា ដណ្តើមយកមេដាយប្រាក់ ក្នុងការប្រកួតវិញ្ញាសាគូបុរស-នារី (Show Mixed)។

បន្ថែមលើនេះ កីឡាការិនី ទឹន សុវណ្ណលីនណា ដដែល បានចាប់ដៃជាមួយកីឡាការិនី ហេង ស៊ីវហ៊ាង ដើម្បីប្រកួតលើវិញ្ញាសាគូនារី (Show Female)មួយទៀត ហើយអ្នកទាំង២នេះ ទទួលបានមេដាយប្រាក់។ ចំណែកកីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ដែលប្រកួតលើវិញ្ញាសាគូបុរស (Show Male) គឺពួកគេទទួលបានមេដាយសំរឹទ្ធ ១គ្រឿង៕

ប្រភព៖ Cambodia 2023